ភ្នំពេញ៖ ហេតុការណ៍ប្រទះឃើញសពអ្នកលោតទឹកនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បុរសខាងលើមានឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ឡំប្រឺតា បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញជាមួយប្រពន្ធ ហើយមានស្រុកកំណេីតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ។
គួររំលឹកបន្ថែមថា ដោយសារតែ ទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរបស់ខ្លួន ពាក់ព័ន្ធនឹងការរៀបចំគម្រោងធ្វើបុណ្យគម្រប់ខួប៣ឆ្នាំជូនសពម្តាយទើបបុរសដែលជាប្តីបើកឡំប្រឺតាពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីកេីតទៅលិច ហើយពេលមកដល់ពាក់កណ្តាលស្ពានក៏ឈប់ឡំប្រឺតាអែបកៀន រួចក៏លោតចុះទឹកតែម្តង ដោយបន្សល់ទុកស្បែកស៊កមួយគូនៅក្បែរបង្កាន់ដៃស្ពាន និងឡំប្រឺតាមួយគ្រឿង ។
រហូតមកដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ ទើបសពបុរសខាងលើបានអណ្តែតតាមទន្លេសាបមកដល់ចំណុចក្បែរសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន រហូតដល់កម្លាំងសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រូសារមកដល់ទីតាំងកើតហេតុ រួចស្រង់សពបុរសខាងលើឡើងមកលើគោក។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ រ៉ារ៉ា