ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានក្រុមគ្រួសាររកឃើញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រោយពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដព្រូសបុកម៉ូតូធ្លាក់ចូលទឹកហេីយបាត់ខ្លួនមួយយប់ ក្នុងនោះក៏បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់ផងដែរ ។
គួរបញ្ចាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លីនិក ស៊ាងម៉ារី។ ចំណែករថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដនិងម៉ូតូបានបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។ ពេលទៅដល់ចំណុចកើតហេតុ រថយន្ដក៏បានបុកម៉ូតូចំពីក្រោយបណ្ដាលឱ្យបោកដួលតែម្ដង ហើយខ្ទាតបុរសម្នាក់មកលើដី និងម្នាក់ទៀតធ្លាក់ចូលទឹក(ជនរងគ្រោះដែលស្លាប់)។
ចំពោះមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីភាគីរថយន្ដបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ សម្ភារខូចខាតក្នុងហេតុការណ៍នេះមានរថយន្ត និងម៉ូតូ។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ ខណៈជនបង្កត្រូវបានឃាត់ខ្លួន។ ចំណែកឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ