ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញអនុវត្តវិធានក្តៅ ចាប់ម៉ូតូធំៗចំនួន៦៥គ្រឿងដែលបង្កសំឡេងរំខានដល់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះតាមដងវិថីតូចធំនៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយឃាត់ម៉ូតូប្រភេទធំដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យ ប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការអប់រំម្ចាស់និងផាកពិន័យតាម នីតិវិធី។

ជាក់ស្តែង កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿង។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មី ឲ្យកម្លាំងនគរបាល ពិសេសនៅក្នុង រាជធានីភ្នំពេញត្រូវសហការជាមួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីស្រាវជ្រាវ កំណត់អត្តសញ្ញាណម៉ូតូ ធំដែលបង្កសំឡេងរំខានដល់ ប្រជាពលរដ្ឋ ។

បន្ថែមទៀតនោះការដាក់បទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថាមានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពង់ស៊ីមុំាងខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្តេចផ្ទាល់ក៏ធ្លាប់ជួបការរំខានដោយសំឡេងបំពង់ស៊ីមុំាង នេះផងដែរ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា « បច្ចុប្បន្ន នៅក្នុងក្រុង ម៉ូតូធំៗច្រើនហើយដែលក្រសួងសាធារណការបញ្ជូនស្លាកលេខមកប៉ូលិសដើម្បីឲ្យដឹង អាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងវាដកបំពង់ស៊ីមុំាង ចេញ។ បើឮវាជិះមុខផ្ទះយើង បើដេកកំពុងតែលក់ដឹងតែភ្ញាក់ , សម្តេចនាយករដ្ឋមន្ត្រីធ្លាប់រអ៊ូលើបញ្ហានេះនៅម្តុំ វិមានឯករាជ្យ »៕ ដោយ៖រ៉ារ៉ា


ចែករំលែក៖