ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខជាងមួយឆ្នាំ ឈិន ស៊ាវម៉ី វិលវិញនឹងតំណែងតួឯករឿង”រសស្នេហ៍ផ្លែល្វា”

ចែករំលែក៖

    ​ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ឈិន ស៊ាវម៉ី បានបង្ហាញមុខជាថ្មីនៅក្នុងការប្រកាសចេញផលិតភាពយន្តភាគថ្មីមួយគឺរឿង”រសស្នេហ៍ផ្លែល្វា” ។ នាងទទួលបានតំណែងជាតួឯកដោយប៉ះគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហាដល់ទៅ២រូបគឺលោក សេង មង្គល និងលោក ឈឹម សក្កដា។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះក្នុងកម្មវិធីក្រុងពាលីប្រកាសចេញថតភាពយន្តខាងលើក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។ នេះក៏ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរថ្មី និងការប្រកាសដើមឆ្នាំតែម្តងក្រោយពីស្ងប់ស្ងាត់ការប្រកាសចេញផលិតភាពយន្ត ជាច្រើនខែរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥

ឈិន ស៊ាវម៉ី ដែលបាត់មុខពីការងារសិល្បៈមួយឆ្នាំមកហើយនោះទទួលបានតំណែងជាតួ​ឯកស្រីក្នុងភាពយន្តនេះ ខណៈដែលតួឯកប្រុសមានដល់ទី២នាក់គឺលោកឈឹម សក្កដា និងលោក សេង មង្គល។ តារាសម្តែងស្រីរូបនេះលើកឡើងថា ក្រោយផ្អាកការងារសិល្បៈពេញមួយឆ្នាំនាងចាប់ផ្តើមទទួលយកការងារនេះឡើងវិញព្រោះកន្លងទៅជាប់រវល់នឹងការងារផ្ទាល់ខ្លួន និងស្របតាមការសំណូមពររបស់អ្នកគាំទ្រដែលចង់ឃើញនាងប្រឡូកការងារសិល្បៈជាថ្មី។ នាងថាភាពយន្តនេះនាងសម្តែងជាតួអង្គឈ្មោះ វ៉ាន់ដាលី ជាតួអង្គស្រីស្អាត ឈ្លាសវៃ រួសរាយរាក់ទាក់ ហ្មឺងម៉ាត់ និងលាយភាពកាចឆ្នាសខ្លះផងដែរ។ នាងថាជាការបើកទំព័រការងារសិល្បៈឡើងវិញដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

តារាសម្តែង លោក សេង មង្គល វិញលើកឡើងដែរថា ជាភាពយន្តដែលលោកបានស្វែងយល់ពីឆ្អឹងរឿងរួចហើយ ហើយលោកចាត់ទុកថាជាសាច់រឿងល្អ និងស្ថិតក្រោមការផលិតពីក្រុមការងារទូរទស្សន៍ដែលមានបទពិសោធន៍ច្បាស់លាស់ដែលលោកហ៊ានដាក់ក្តីរំពឹងថានឹងជាភាពយន្តដែលមានគុណភាពទាក់ទាញអារម្មណ៍ទស្សនិកជន។ លោកថាជារសជាតិថ្មីដែលលោកចូលរួមសម្តែងជាមួយសិល្បករដទៃនិងជាការបើកទំព័រឆ្នាំថ្មី និងរំពឹងថានឹងទទួលបបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំង។

លោក ឈឹម សក្កដា វិញបានបញ្ជាក់ដែរថា  ភាពយន្តនេះលោកសម្តែងជាតួអង្គឈ្មោះ ម៉ូនិន្ទ  ជាមនុស្សមានអត្តចរិកបែបមនុស្សស្ងប់ស្ងត់មិនននិយាយច្រើន មានចំណេះដឹង មានភាពជាមនុស្សចាស់ទុំ។ លោកថាជាលើកដំបូងដែលលោកបានចូលរួមសម្តែងជាមួយតួអង្គទាំងពីរខាងលើ ប៉ុន្តែលោកមិនបារម្មណ៍ឡើយនិងការសម្តែងរួមជាមួយនឹងសិល្បករក្នុងភាពយន្តនេះឡើយព្រោះតែពួកគាត់សុទ្ធតែជាសិល្បករមានសមត្ថភាព ទេពកោសល្យ ហើយលោករំពឹងដែរថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីផលិតចប់និងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖