កាលពីពេលផ្ទុះកូវីដ-១៩ ដំបូង ពិភពលោកដណ្តើមគ្នាប្រមូលទិញយកម៉ាស់ ហើយស្ទាក់ទិញពាក់កណ្តាលផ្លូវទៅទៀត ធ្វើឲ្យម៉ាស់ឡើងថ្លៃខ្ពស់។ នៅពេលនេះពេលវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ប្រទេសអ្នកមានប្រមូលទិញអស់ ដោយឲ្យក្នុងតម្លៃថ្លៃ ចំណែកប្រទេសក្រីក្រ មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសអ្នកមាន ឈប់ប្រមូលទិញវ៉ាក់សាំង ទុកឲ្យប្រទេសក្រីក្រ ទិញយកទៅចាក់ឲ្យកម្លាំងជួរមុខផង។
កាលពីថ្ងៃទី៨ខែមករា លោក Tedros Adhanom Ghebreyesus បានលើកឡើងថា មកទល់ពេលនេះប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបនៅមិនទាន់ទទួលបានវ៉ាក់សាំងមួយដូសណាឡើយ។ នៅក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ លោក Tedros Adhanom បានលើកឡើងថា ប្រទេសអ្នកមានទទួលបានវ៉ាក់សាំងជាច្រើនរួចមកហើយ ដូច្នេះគួរតែទុកឲ្យប្រទេសក្រីក្រទទួលបានខ្លះផង សម្រាប់ចាក់ជូន កម្លាំងជួរមុខ ។
លោក Tedros Adhanom Ghebreyesus បានអំពាវនាវ ដល់បណ្តាប្រទេស និងក្រុមហ៊ុនផលិតឱសថ បញ្ឈប់កិច្ចព្រមព្រៀងទ្វេភាគី។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់បណ្តាប្រទេសដែល បានបញ្ជាទិញវ៉ាក់សាំងច្រើន សូមបញ្ជូនទៅឲ្យ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយដល់ប្រទេសក្រីក្រទទួលបានវ៉ាក់សាំងដូចគ្នា។
គិតត្រឹមសប្តាហ៍នេះ កម្មវិធីវ៉ាក់សាំង COVAX បានរ៉ៃអង្គាសប្រាក់ បាន៦ពាន់លានដុល្លារ សម្រាប់ទិញវ៉ាក់សំាងជូនដល់ប្រទេសក្រីក្រចំនួន៩២ប្រទេស ដែលមិនមានលទ្ធភាពទិញវ៉ាក់សាំងដោយខ្លួនឯង៕
ដោយ៖ធី រីណា(រូបភាព៖AP)