ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ជាង​៩០លាននាក់ ព្រះមហាក្សត្រិយានីអង់គ្លេស និងសម្តេចប៉ាបបានចាក់វ៉ាក់សាំងហើយ

ចែករំលែក៖

តាមតួលេខរបស់​គេហទំព័រ Worldometers គិតមកដល់រសៀលថ្ងៃទី​១០ខែមករាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៩០.០៥១.២៥០នាក់ និងស្លាប់១.៩៣៣.៥២២នាក់​។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺព្យាបាលជាសះស្បើយកើនឡើងដល់ទៅជាង ៦៤លាននាក់ផងដែរ​។
អឺរ៉ុបជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងនោះប្រទេសអង់គ្លេស មានអ្នកឆ្លងជាង៣លាននាក់ និងស្លាប់​៨០.៨៦៨នាក់ ។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ អង់គ្លេសរកឃើញមានអ្នកឆ្លងថ្មីដល់ទៅ ៥៩.៩២៧នាក់ និងស្លាប់​១.០៣៥នាក់នៅថ្ងៃទី​៩ខែមករា ។
នាយករដ្ឋមន្ត្រីបានសម្រេចបិទប្រទេសជាលើកទីបីស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះ ខណៈការឆ្លងរាលដាលកើនឡើងខ្ពស់​ ។
នៅពេលនេះដែរ ព្រះមហាក្សត្រិយានី Elizabeth និងសម្តេចសង្ឃកាតូលិកFrancis ​បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក៏ដូចជាផ្តល់ទំនុកចិត្តដល់ពលរដ្ឋនៅជុំវិញពិភពលោកចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា។ ព្រះមហាក្សត្រិយានីអង់គ្លេស និងសម្តេចសង្ឃកាតូលិកFrancis ជាបុគ្គលដែលមានឥទ្ធិពលបំផុតលើពិភពលោក​។
សម្តេចសង្ឃ​Francis ក៏បានជំរុញឲ្យពលរដ្ឋ​មានទំនុកចិត្តលើវ៉ាក់សាំង​ ​ហើយទៅចាក់ឲ្យបានគ្រប់គ្នា ។ សម្តេចសង្ឃ Francis បានលើកឡើងថា ការប្រឆាំងវ៉ាក់សាំង​ មិនខុសអ្វីពីការឆ្ពោះទៅរកក្តីស្លាប់ឡើយ។ សម្តេចសង្ឃមិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនណាឡើយដែលព្រះអង្គបានចាក់។
ចំណែកនៅរាជវាំងវិញ ព្រះមហាក្សត្រិយានី Elizabethបានចាក់វ៉ាក់សាំងនៅថ្ងៃទី​៩ ខែមករា​។ បច្ចុប្បន្ននៅក្នុងប្រទេសអង់គ្លេស មានពលរដ្ឋ​១,៥លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ​-១៩ ​ហើយអង់គ្លេសបង្កើនការចាក់ជូនពលរដ្ឋឲ្យបានលឿនបំផុត៕

ដោយ៖ធី រីណា


ចែករំលែក៖