ក្លិបនៅលីគកំពូលស្កុតឡេន Celtic បានបញ្ជាក់ថា កីឡាករម្នាក់បានឆ្លងវីរុស Covid-19 បន្ទាប់ពីក្រុមបានវិលត្រឡប់មកពីការហ្វឹកហាត់នៅទីក្រុងឌូបៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១១ មករានេះ។
កីឡាកររបស់ក្រុមលីគកំពូលស្កុតឡេន Premierehip មួយនេះត្រូវបានគេធ្វើតេស្តនៅពេលដែលពួកគេបានមកដល់ទីក្រុង Glasgow កាលពីថ្ងៃសុក្របន្ទាប់ពីបានចំណាយពេល៦ថ្ងៃនៅប្រទេសអារ៉ាប់រួម ក្នុងការហ្វឹកហាត់។ បច្ចុប្បន្នក្លិបកំពុងតាមដាននិងរកកីឡាករដែលធ្លាប់ធ្វើដំណើរឬប្រសិនបើមានទំនាក់ទំនងជិតស្និទ្ធណាមួយជាមួយកីឡាករដែលឆ្លងនេះដើម្បីដាក់ឲ្យនៅដាច់ដោយឡែកនិងធ្វើតេស្ត។
ក្លិប Celtic បានចេញសេចក្តីថ្លែងការណ៍ថា “កីឡាករនឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពេញទំហឹងពីក្លិបរបស់យើង។ សមាជិកដទៃទៀតនៃក្រុមរបស់យើង អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេសគឺពិនិត្យមានភាពអវិជ្ជមាន”។
ក្រុម Celtic គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Hibernian ក្នុងការប្រកួតលីគកំពូលស្កុតឡេន Premiership នៅថ្ងៃចន្ទ ទី១១មករានេះ។
ថ្លែងកាលពីថ្ងៃអាទិត្យជំនួយការអ្នកគ្រប់គ្រងក្លិបលោក John Kennedy បាននិយាយថា ក្រុម Celtic មានការអនុវត្តខុសបន្តិចនៅក្នុងពិធីសារ Covid-19 ក្នុងអំឡុងពេលស្នាក់នៅតំបន់មជ្ឈឹមបូព៌ា។ ការអនុវត្តខុសបន្តិចនោះគឺឃើញសមាជិកក្រុម Celtic មិនឃ្លាតឆ្ងាយពីគ្នាបន្តិច ឬអត់ពាក់អាវបិទមុខហើយ ប៉ុន្តែពួកគេអនុវត្តតាមការណែនាំ និងការពារសុវត្ថិភាពទាំងអស់។
ក្លិប Celtic ត្រូវបានគេរិះគន់ថា អាចនឹងមានករណីឆ្លង Covid-19 នៅស្កុតឡេនទៀត បើមិនមានការរឹតបន្តឹងពិធីសារ និងការអនុញ្ញាតឲ្យកីឡាករហ្វឹកហាត់ជាក្រុម។ ប៉ុន្តែលោក Kennedy បានអះអាងថា ស្ថានភាពជំងឺរាតត្បាតបច្ចុប្បន្នកាន់តែអាក្រក់ទៅៗ ដោយមានករណីឆ្លងកាន់តែច្រើននៅស្កុតឡេន ដែលរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ និងដាក់បម្រាមទូទាំងប្រទេសផងដែរ ៕
ដោយ៖ភារៈ