ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ដែលប្រារព្ធធ្វើឡើង រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវិមានកីឡដ្ឋានជាតិ អូឡាំពិក បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាសរុបចំនួន១៥។

លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា អនុប្រធាន កិត្តិយសសហព័ន្ធកីឡា រាំកម្ពុជា បានបង្ហាញនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំ ការប្រកួត អង្គភាពពាក់ព័ន្ធ ដែលបានសហការ គ្នារៀបចំ ការប្រកួតនេះ ឲ្យប្រព្រឹត្តទៅដោយ រលូនទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ ហើយបានលើកការសរសើរចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដោយគោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ។ លោកស្រីបានលើកទឹកចិត្តដល់គណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានដឹកនាំការប្រកួតតាមគោលការណ៍បច្ចេកទេសប្រកបដោយយុត្តិធម៌ និងតម្លាភាព ដើម្បីស្វែងនូវកីឡាករ កីឡាការិនីឆ្នើមដែលទទួលបានជ័យលាភី។

លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានបន្ថែមថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន ដែលបានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គមពីព្រោះ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀម សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ លោកជំទាវសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាបន្តខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ហើយលោកជំទាវបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍ សប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាថ្លែងថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះអាចដំណើរការទៅបានអាស្រ័យដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាសប្បុរសជននានា ជាពិសេសទទួលបានព្រះរាជព្រទ្យដ៏ថ្លៃថ្លាចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕

ប្រភព៖ ទទក


ចែករំលែក៖