ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ដែលបាត់ខ្លួនពេញមួយថ្ងៃ នាពេលនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋបានរកឃើញសាកសពហើយកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លង់ទឹកស្រះមួយកន្លែងនៅក្បែរសាលារៀន ស្ថិតនៅភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក សូត្រ សង់ អភិបាលស្តីទីស្រុកទឹកផុសបានប្រាប់តាមបណ្តាញទំនាក់ទំនងតេឡេក្រាមនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ក្មេងប្រុសដែលបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២១នោះ អាជ្ញាធរសមត្ថកិច្ចនិងប្រជាពលរដ្ឋបានចែកគ្នាដើររកតាមព្រែក និង ទឹកស្រះ ដែលគេសង្ស័យខ្លាំងជាងគេ ។ ការរុករកក្មេងប្រុសទាំងពីរនាក់នេះបានប្រើរយៈពេលអស់ជាង៩ម៉ោងទើបរកឃើញ ដោយបានលង់ស្លាប់ក្នុងស្រះទឹកមួយក្នុងភូមិ ក្បែរសាលារៀន ។
លោកអភិបាលស្តីទីស្រុកទឹកផុសបានប្រាប់ថា បន្ទាប់ពីបាត់ក្មេងប្រុសមិនឃើញអ្នកស្រុកក៏បានចាត់គ្នាឲ្យរក មុនដំបូងគឺរកនៅក្នុងទឹកស្រះនេះអស់ច្រើនម៉ោងតែមិនឃើញ ក៏ចាត់គ្នាឲ្យរកក្នុងព្រៃទៀតរហូតដល់ម៉ោង៩យប់ទើបប្រទះឃើញសាកសពនៅក្នុងស្រះទឹកតែម្តង។
លោកអភិបាលស្រុកស្តីទីបានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកស្លាប់នេះ គឺបណ្តាលមកពីក្មេងបាននាំគ្នាមកលេងក្រោយផ្ទះ ហើយឪពុកម្តាយ រវល់តែលក់នៅឯខាងមុខផ្ទះ ហើយដឹងថាកូនលេងដូចរាល់ដង ពេលបាត់ទើបឆោឡោនាំគ្នារករហូតដល់ម៉ោង៩យប់ទើបរកឃើញសពក្មេងប្រុសរងគ្រោះនេះ ។
នាពេលនេះសាកសពក្មេងប្រុសរងគ្រោះបានប្រគល់ឲ្យទៅក្រុមគ្រួសារហើយបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យដោយសន្និដ្ឋានដំបូងករណីនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។
ក្មេងប្រុសដែលបាត់ខ្លួនទាំងពីរនាក់នេះ ម្នាក់ឈ្មោះ វី ជីវ៉ាន់ភេទប្រុស អាយុ៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕ ដោយ៖ចន្ថា