ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ី​ប្រកាសអាសន្នបន្ទាន់ទូទាំងប្រទេស ដើម្បីទប់ស្កាត់កូវីដ​-១៩

ចែករំលែក៖

ព្រះមហាក្សត្រម៉ាឡេស៊ី ​បានសម្រេចព្រះទ័យប្រកាសអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយច្បាប់អាសន្ននោះនឹងអូសបន្លាយរហូតទៅដល់ថ្ងៃទី​១ខែសីហាឆ្នាំ​២០២១ ប្រសិនបើស្ថានភាព​កូវីដ​-១៩មិនទាន់គ្រប់គ្រងបាន។
នៅក្នុងសេចក្តីប្រកាសពីព្រះរាជវាំង Istana Negara ម៉ាឡេស៊ី​ នៅថ្ងៃទី​១១ខែមករា ឆ្នាំ​២០២១​ បានបញ្ជាក់ថា ស្ថានភាពអាសន្ននេះ​នឹងជួយដល់ម៉ាឡេស៊ី​ឆាប់ឆ្លងផុតដំណាក់កាលអាក្រក់បំផុតដោយកូវីដ​-១៩​។
ការដែលព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នតាមសំណើរបស់នាយករដ្ឋមន្ត្រី Muhyiddin Yassin គឺដោយសារតែនាយករដ្ឋមន្ត្រីបានលើកឡើងថា ​ការឆ្លងរាលដាល​កូវីដ​-១៩​ បានកើនឡើងកាន់តែច្រើន ទើបបង្ខំដាក់ប្រទេស​ក្នុងគ្រាអាសន្ន ។ ​ជាមួយគ្នានេះដែរ ព្រះមហាក្សត្របានស្នើរដ្ឋាភិបាលបង្កើតគណៈកម្មការដោយឯករាជ្យមួយ ដោយមានមន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រក្រុមប្រឆាំង​ អ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។
បច្ចុប្បន្នម៉ាឡេស៊ីមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​១៣៨.២២៤នាក់ និងស្លាប់​៥៥៥នាក់។ ចំនួនអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងខ្ពស់ ដោយមានអ្នកឆ្លងដល់ទៅ​៣០០០នាក់ក្នុងពេល​២៤ម៉ោង​៕

ដោយ៖ធី រីណា(រូបភាព៖Bloomberg)


ចែករំលែក៖