ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងស្វាយរៀងជំរុញដល់មន្ត្រីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានជំរុញដល់មន្ត្រីដែលពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។

ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងគឺនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២១និងទិសដៅបន្តអនុវត្តរបស់រដ្ឋបាលក្រុងស្វាយរៀងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសរ សុដានី អភិបាលរងក្រុង លោកកែន រិទ្ធី អធិការនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀន លោកប្រធានការិយាល័យនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

លោកណុប ចំរើន បានមានប្រសាសន៍បន្តទៀតថា យើងត្រូវបន្តពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ សោភណភាពក្នុងក្រុង អ្នកលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារវាលយន្ត ចំណតរថយន្ត តាមមុខមន្ទីរពេទ្យ និងដងផ្លូវជាតិលេខ១ ហើយចំពោះរថយន្តនិងគោយន្តដឹកដីពេលដឹកត្រូវគ្របឱ្យជិតនិងត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្ថែមទៀតថា មិនតែប៉ុណ្ណោះយើង ត្រូវបន្តពង្រឹងពន្លឿនការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អូរប្រឡាយ ទន្លេ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យតាមដាន

ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនិងអនាម័យ បរិស្ថានស្អាត បរិយាកាសល្អ ពិសេសត្រូវបន្តផ្សព្វផ្សាយនិងចូលរួមអនុវត្តវិធានការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមទីសាធារណៈ សាលារៀន ទីប្រជុំជនភោជនីយដ្ឋាន អាហារដ្ឋាន និងតាមបណ្ដាវត្តអារាមនានាក្នុងក្រុងស្វាយរៀងតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕ យឹម សុថាន


ចែករំលែក៖