អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសអាល់ហ្សេរី លោកFerhat Ait Ali Braham បានប្រកាសតាមវិទ្យុជាតិប្រទេសខ្លួនថា៖ បច្ចុប្បន្នរដ្ឋាភិបាលអាល់ហ្សេរី បានកំណត់ទឹកប្រាក់នៃការនាំចូលរថយន្តថ្មីពីបរទេសក្នុងទំហំអតិបរិមា២ពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីអាល់ហ្សេរី អះអាងបន្ថែមថា ការនាំចូលរថយន្ត នឹងមិនត្រូវបានហាមឃាត់ដាច់ខាតនោះឡើយ ប៉ុន្តែរដ្ឋាភិបាលមានឆន្ទៈលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក។ «ប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក យើងត្រូវបន្ថយការនាំចូលដូច្នេះការកំណត់ទំហំទឹកប្រាក់ គឺជារឿងអាទិភាពមួយ»។
រដ្ឋមន្ត្រីអាល់ហ្សេរីរូបនេះ បានបញ្ជាក់ទៀតថា រថយន្តទេសចរណ៍ធុនធ្ងន់ ក៏នឹងត្រូវតម្លើងពន្ធនាំចូលផងដែរ។ ចំពោះការនាំចូលរថយន្តរួមមាន៖ រថយន្តទេសចរណ៍ រថយន្តធុនតូច រួមទាំងគ្រឿងបន្លាស់ នឹងត្រូវបានកម្រិតក្នុងទំហំទឹកប្រាក់ច្រើនបំផុត២ពាន់លានដុល្លារអាមេរិក។
ដោយឡែកគណៈកម្មការអន្តរក្រសួងអាល់ហ្សេរី បន្តពិនិត្យឯកសារស្នើសុំលើការនាំចូលរថយន្តថ្មី ដោយបញ្ជាក់ថា ការអនុញ្ញាតឲ្យមានការនាំចូលគឺជាកាយវិការបែបសម្បទានរបស់រដ្ឋាភិបាល
គួរបញ្ជាក់ថា ចំពោះការកំណត់ទំហំទឹកប្រាក់នេះ ទទួលបានការណែនាំពីលោកប្រធានាធិបតីអាល់ហ្សេរី Abdelmadjid Tebboune ដោយផ្ទាល់ព្រមទាំងមានការគាំទ្រជាឯកច្ឆន្ទក្នុងគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះតាមរយៈវិទ្យុជាតិ ចាត់ទុកថា វាជាការរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក រួមទាំងម្ចាស់អាជីវកម្មគ្រឿងបន្លាស់៕ដោយ៖ស តារា
រូបភាពឯកសារ៖លោក Ferhat Ait Ali Braham