ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ ៖ ប្រវត្តិ​នៃសត្វ​ដំរី

ចែករំលែក៖

ប្រវត្តិ​សត្វ​ដំរី ដែល​អ្នកនិពន្ធពណ៌នាពេលនេះជារឿងរ៉ាវ ជូន​អស់​លោក-អ្នក​ស្តាប់ ដូច​មាន​ត​ទៅ​នេះ ជា​ការ​ពិត​មែន​ឬ​ពុំ​ពិត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​បាន​ទេ ព្រោះ​ជា​រឿង​គ្មាន​គោល​ចារិក​គ្មាន​សមុដ្ឋាន​នៃ​ប្រវត្តិ​ហេតុ​ដ៏​សម​គួរ​នឹង​លើក​យក​មក​ជា​បន្ទាល់, តែ​ខ្ញុំ​នឹង​អត់​ទ្រាំ​មិន​តែង​រឿង​នេះ ឡើង​ពុំ​បាន ព្រោះ​ជា​អ្នក​រក្សា​ដំរី​ច្រើន​មាន​សេចក្ដី​យល់​ផ្សេងៗ​គ្នា ហេតុ​នេះ បាន​ជា​ខ្ញុំ​ខំ​តែង​រឿង​នេះ​ឡើង ដើម្បី​ជា​គោល​នៃ​ពួក​សត្វ​សាស្រ្ត​និង​វិនិច្ឆ័យ​ត​ទៅ ។

ដំរី​ជា​ពួក​សត្វ​ព្រៃ​មាន​រូប​រាង​ធំបំផុត ក្នុង​ពពួក​សត្វ​ចតុប្បាទ ។ ដំរី​នេះ ក្នុងគម្ពីរ​សារសង្គហៈ​លោក​កំណត់​ទុក​១០ ត្រកូល មាន​ត្រកូល​ឆន្ទន្ត​នឹង​ត្រកូល​ឯរាវ័ណ្ណ​ជា​ដើម, ក្នុង​ពពួក​ដំរី​ទាំង ១០ ត្រកូល​នោះ ខ្មែរ​យើង​ចែក​ចេញ​ជា​២​ពួក គឺ​មួយ​ពួក​ហៅ ដំរី​ភ្នំ បាន​ដល់​ពួក​ដំរី​ដែល​កើត​នៅ​នាទី​ភ្នំ មួយ​ពួក​ទៀត​ហៅ ដំរី​រនាម គឺ​ដំរី​ដែល​កើត​នៅ​ក្នុង​ព្រះ​នាម ។ ដំរី​ទាំង​ពីរ​ពួក​នេះ មាន​ទ្រង់​ទ្រាយ​ខុស​គ្នា មិន​ច្រឡំ​គ្នា​ទេ គឺ​ដំរី​ភ្នំ​មាន​សណ្ឋាន​ខ្ពស់​មុខ​ក្បាល​ងើប ដំរី​រនាម មាន​សណ្ឋាន​ទាម​មុខ​ក្បាល​ឳន​កម្លាំង​ពលំ​ក៏​ខុស​គ្នា​ដែរ គឺ​ដំរី​ភ្នំ​មាន​កម្លាំង​ខ្លាំង​ជាង​ដំរី​រនាម ហើយ​មាន​អាយុ​វែង​ជាង​ផង, ឯដំរី​រនាម​ច្រើន​ខ្សោយ​មាន​អាយុ​ខ្លី​ជាង​ដំរី​ភ្នំ ។

ការ​ដែល​នឹង​ពណ៌នា​អំពី​ប្រវត្តិ​ដំរី​នេះ ខ្ញុំ​នឹង​ពណ៌នា​តាម​រឿង​នៃ​បុរស​ម្នាក់ ដែល​វិល​ពី​កំណើត​ដំរី​មក​ចាប់​ជាតិ​ជា​មនុស្ស ហើយ​ដឹង​ជាតិ​របស់​ខ្លួន​កាល​កើត​ជា​ដំរី បុរស​នោះ​អួត​ថា​កាល​ខ្លួន​នៅ​ជា​កុមារ​អាច​ចាំ​ទាំង​ភាសាដំរី​បាន​ផង ។

គ្រា​នេះ​នឹង​ពោល​ពី​ប្រវត្តិ​នៃ​បុរស ដែល​ដឹង​ជាតិ​នោះ ជា​សេចក្ដី​សង្ខេប​ជា​មុន​សិន ដើម្បី​ជា​គោល​ក្នុង​រឿង​នេះ ។

ក្នុង​សម័យ​មួយ ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ​នាយ វ៉ឹក ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត​កំពង់​ធំ បុរស​នេះ​និយាយ​ថា​ខ្លួន​ទើប​នឹង​វិល​ពី​កំណើត​ដំរី មក​ចាប់​ជាតិ​ជា​មនុស្ស​ក្នុង​បច្ចុប្បន្ន​នេះ ។ អស់​លោក-អ្នក​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​រាជការ នៅ​ទី​រួម​ខេត្ត​កំពង់​ធំ កាល​ពី​ឆ្នាំ​១៩២០ ដល់​១៩២៥ គង់​បាន​ជ្រាប​ឬ​បាន​ស្គាល់​នាយ​វ៉ឹក នោះ​ជា​ពុំ​ខាន ។ នាយ​វ៉ឹក​នេះ ជា​មនុស្ស​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​បែប​ភាព​គួរ​ឲ្យ​ជឿ​ថា ទើប​នឹង​វិល​មក​ពី​សត្វ​ដំរី​មែន ព្រោះ​សណ្ឋាន​ក្បាល​មាន​ទំនង​ដូច​ក្បាល​ដំរី ម្រាម​ដៃ​នឹង​ម្រាម​ជើង​ធំៗខ្លីៗ ដំណើរ​ដើរ​យោល​ខ្លួន​យោល​ក្បាល​ដូច​ដំរី ។
ជាតក​នាយវ៉ឹក
នាយ​វ៉ឹក​អធិប្បាយ​ថា កាល​ខ្ញុំ​កើត​ជា​ដំរី ជា​សត្វ​ដំរី​ភ្នំ ខ្លួន​ខ្ញុំ​ជា​ដំរី​មាន​ភ្លុក​មាន​បង​ឈ្មោល​១​ជា​ដំរី​ស្ត មាន​ម្តាយ​១ មេម៉ាយ តែ​កើត​នៅ​ព្រៃ​ភ្នំ​ណាៗ​ខ្ញុំ​មិន​ស្គាល់ ។ ខ្ញុំ​នឹង​បង​បាន​គិត​គ្នា​ពិចារណា​សង្វេត​ចិត្ត​អាណិត​ដល់​មាតា ដែល​ចាស់​ជរា ដើរ​រក​អាហារ​ល្អ​ឬ​ឆ្ងាញ់​ពិសារ​ឲ្យ​ពេញ​បរិបូណ៌​ពុំ​បាន​ព្រោះ​នៅ​ក្នុង​ហ្វូង​ធំ អាហារ​ទាំង​ឡាយ​ដូច​យ៉ាង​ទំពាំង​ទុល​ដី មើល​ឈើ​នឹង​ផ្លែ​ឈើ​ជា​ដើម ដំរី​ស្ទាវៗ ដណ្តើម​យក​អស់ ។ ខ្ញុំ​ព្រម​ទាំង​បង នឹង​ទ្រាំ​នៅ​ក្នុង​ហ្វូង​ធំ​ពុំ​បាន ក៏​បបួល​បង​ប្អូន​នាំ​ម្តាយ​បែក​ចេញ​ពី​ហ្វូង​ធំ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ឆ្ងាយ ។ ពី​ហ្វូង​ដំរី​ឯទៀត ។ មាន​កាល​សម័យ​ថ្ងៃ​មួយ ខ្ញុំ​នាំ​ម្តាយ​ចេញ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ឈើ ស្រាប់​តែ​មាន​ព្រាន​បាញ់​កាំ​ភ្លើង​ពី​ចុង​ឈើ​មក​ត្រូវ​ខ្លួន​ខ្ញុំ តែ​ក្នុង​ខណៈ​ដែល​ត្រូវ​គ្រាប់​នោះ ខ្ញុំ​គ្មាន​ស្មារតី​ដឹង​ថា​ខ្លួន​ត្រូវ​គ្រាប់​ទេ ព្រោះ​កាល​ឮសូរ​កាំ​ភ្លើង​នោះ ខ្លួន​ខ្ញុំ​នឹង​បង​ខ្ញុំ ព្រម​ទាំង​មាតា​រត់​ចេញ​ពី​នោះ ដោយ​ប្រញាប់​ប្រញាល់ ។ លុះ​ខ្ញុំ​រត់​ឆ្ងាយ​បន្តិច​ទៅ​ក៏​នឹក​ឃើញ​ថា នៅ​ទី​ដែល​ឮ​សូរ​កាំ​ភ្លើង​នោះ អាត្មា​អញ​បាន​ឃើញ​ដំរី​១​ដួល​ស្លាប់ កាល​នឹក​ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​វិល​ទៅ​កាន់​ទី​នោះ​វិញ​តែ​ម្នាក់​ឯង កាល​ខ្ញុំ​ទៅ​ដល់​ក៏​ឃើញ​ដំរី ១ មាន​ភ្លុក​ដួល​ស្លាប់ ខ្ញុំ​ខំ​សំឡឹង​មើល​ខ្មោច​ដំរី​នោះ ក៏​ឥត​មាន​ស្គាល់​សោះ, ខំ​មិន​អស់​ចិត្ត​ក៏​ចូល​ទៅ​ចាប់​លើក​ខ្មោច​ដំរី​នោះ ត្រឡប់​លើ​ជា​ក្រោម ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់ ក៏​នៅ​តែ​មិន​ស្គាល់ ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ចុង​ឈើ​ឃើញ​ព្រាន​ព្រៃ​ម្នាក់​អង្គុយ​លើ​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង ខ្ញុំ​នឹក​ផ្តួច​ក្នុង​ចិត្ត​ឡើង​ថា ព្រាន​នេះ​ហើយ​ជា​អ្នក​ធ្វើ​ហត្ថីឃាដ បើ​ដូច្នេះ​អាត្មា​អញ​នឹង​នៅ​រង់​ចាំ​ធ្វើ​មនុស្ស​ឃាដ​វិញ​ជា​ការ​សង​សឹក​ គ្នា, ខ្ញុំ​កាល​គិត​ដូច្នោះ​ហើយ​ក៏​ថយ​ខ្លួន​ទៅ​ពួន​នៅគុម្ព​ឈើ​មួយ រង​ចាំ​ព្រាន​នោះ​ចុះ​មក ​និង​ចូល​ទៅ​ព្រេច​សម្លាប់ ។ ចំណែក​ខាង​ព្រាន​កាល​ឃើញ​ថា ដំរី​ដែល​ខ្លួន​បាញ់​នោះ​ស្លាប់​ប្រាកដ​ហើយ ក៏​ចុះ​ចាក​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង លុះ​ចុះ​មក​ដល់​ដី​ហើយ​យក​ពូថៅ​ទៅ​ពុំ​ក្បាល​ដំរី​នោះ កាល​ពុះ​កកាយ​ដក​យក​ភ្លុក​បាន​ហើយ ក៏​ចង​ភ្លុក​នោះ​រែក​យក​តៅ ដៃ​នៅ​តែ​កាន់​កាំ​ភ្លើង​ជាប់​ទៅ​ផង ។ ឯខ្លួន​ខ្ញុំ​ដែល​ពួន​ចាំ​ធ្វើ​មនុស្ស​ឃាដ​នោះ

ចេះ​តែ​មាន​សេចក្ដី​ខ្លាច​តក់​ស្លុត​ក្នុ​ចិត្ត​ពុំ​ហ៊ាន​ចូល​ទៅ​ព្រេច តែ​មិន​ព្រះ​លះ​បង់​គំនិត​ដែល​ចង​អាឃាដ​ព្យាបាទ​នោះ​ទេ កាល​ឃើញ​ព្រាន​ចេញ​ដំណើរ​ទៅ ខ្ញុំ​ក៏​ចេញ​ទៅ​តាម​ក្រោយ​ដោយ​គិត​ថា បើ​ដល់​ទី​ណា​មួយ​មាន​ឳកាស​ល្អ​នឹង​ចូល​ទៅ​ព្រេច​ឲ្យ​ខាង​តែ​បាន តែ​ពុំ​ចេះ​មាន​ឳកាស​ល្អ​សោះ លុះ​តាមៗ​ទៅ​ដរាប​ដល់​ផ្ទះ​ព្រានៗ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ខ្ញុំ​ក៏​ថយ​ទៅ​នៅ​ក្នុង​ព្រៃ​ចេក​ខាង​ក្រោយ​ផ្ទះ​ព្រោះ​នោះ តែ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ព្រោះ​ព្រាន​និយាយ​ការ​អ្វីៗ ក្នុង​ផ្ទះ​ខ្ញុំ​ឮ​ទាំង​អស់ ដោយ​ចង​ចិត្ត​ថា ឲ្យ​តែ​ព្រាន​ចុះ​ពី​ផ្ទះ​មក​កាល​ណា នឹង​ចូល​ទៅ​សម្លាប់ ។ ក្នុង​រាត្រី​នោះ​ខ្ញុំ​បាន​បរិភោគ​ផ្លែ​ចែក​នឹង​ដើម​ចែក​ក្នុង​ចំការ​នោះ​ ខ្ទេច​ខ្ទី​អស់ ។ លុះ​ព្រឹក​ឡើង​ ខ្ញុំ​ឮ​ព្រាន​និយាយ​ថា ចុះ​ចេក​អញ​ថ្ងៃ​នេះ ក៏​ស្រពោន​ទុំ​ស្លឹក​ពាស​ពេញ​ទាំង​ចំការ​ដូច្នេះ ជា​មាន​ហេតុ​អ្វី​ឬ លុះ​កន្លង​ចូល​រាត្រី​គំរប់​ពីរ ខ្ញុំ​ចូល​ទៅ​រុះ​ផ្ទះ​ព្រាន​នោះ កំពុង​តែ​រុះ​រើ​ឮសូរ​សំឡេង​ព្រាន​ដាស់​ប្រពន្ធ​ប្រាប់​ថា អញ​ដូវ​ជា​វិល​មុខ ប្រហែល​ជា​ខុស​ប្រកាំ​ដឹង ឯង​ចូរ​ទៅ​កាប់​ដើម​ចេក​យក​មក​ដោយ​ស្លាធ័រ​ឲ្យ​អញ ។​ខ្ញុំ​ឃើញ​ប្រពន្ធ​ព្រាន​នោះ ចុះ​ទៅ​កាប់​ដើម​ចេក​មែន​ខ្ញុំ​ដូច​ជា​មាន​សេចក្ដី​ភ័យ​ពុំ​ហ៊ាន​រុះ​ផ្ទះ​នោះ​ត​ទៅ​ទៀត ។ លុះ​ដល់​រាត្រី​គំរប់បី ស្រាប់​តែ​ខ្ញុំ​ភ្លេច​បាត់​ស្មារតី​ពុំ​ដឹង​ជា​ខ្លួន​ទៅ​នៅ​ក្នុង​ទី​ណា (គឺ​ចូល​ទៅ​ចាប់​កំណើត​ក្នុង​ផ្ទៃ​ប្រពន្ធ​ព្រាន) ។

ត​អំពី​នេះ​ទៅ​នឹង​រា​ថយ​ទៅ​និយាយ​អំពី​ប្រពៃ​ណី​នៃ​សត្វ​ដំរី តាម​សំដី​នាយ​វ៉ឹក​ឡើង​វិញ ។

សត្វ​ដំរី​កាន់​ប្រពៃណី​សុចរិត​ពិត​ត្រង់ មាន​ធម្មសម្បត្តិ​ដ៏​បរិបូណ៌​ គឺ​ដំរី​ញី​ទាំង​ឡាយ ដែល​នៅ​ក្រមុំ មាន​សេចក្ដី​ជឿ​ស្មោះ​ត្រង់​នឹង​មាតា​បិតា​ពុំ​ហ៊ាន​ប្រព្រឹត្ត​អនាចារ​ក្រៅ​កន្លង​ធម៌ បើ​នឹង​យក​ប្តី លុះ​តែ​មាតា​បិតា​យល់​ព្រម​ទុក​ដាក់ ឲ្យ​ទើប​បាន​ហ៊ាន​យក ។ មុន​នឹង​ប្រគល់​ខ្លួន​ធីតា​ឲ្យ​កាន់​ត្រកូល​ស្វាមី​នោះ មាន​ធ្វើ​ពិធី​មួយ​ដ៏​សំខាន់ គឺ​ប្រជុំ​ពួក​ដំរី​ដែល​ជា​ញាតិ​មក​ប្រាប់​ឲ្យ​យល់​ព្រម​គ្រប់ៗ​គ្នា នៅ​ទី​បឹង​ឬ​ជ្រោះ​ណា​មួយ លុះ​ព្រម​ព្រៀង​ធ្វើ​មង្គល​រួច​ហើយ ដំរី​គួស​វាស​នាំ​គ្នា​ចុះ​ទៅ​ក្នុង​បឹង​ឬ​ក្នុង​ជ្រោះ​ដើម្បី​ឲ្យ​ពួក​ដំរី​ចុះ​បាច​ទឹក​ឲ្យ ។

ក្នុង​មួយ​ឆ្នាំៗ ដំរី​ទាំង​ឡាយ​ក្នុង​សកលលោក ត្រូវ​ទៅ​ឡើង​អ្នក​តា​ម្តង ទោះ​បី​ទៅ​រក​ស៊ី​ឆ្ងាយ​ក្ដី​ជិត​ក្ដី ក៏​ត្រូវ​ចូល​ទៅ​ប្រជុំ​គ្នា​ឡើង​អ្នក​តា​មួយ​ថ្ងៃ​ ពុំ​ដែល​មាន គ្រប់​តែ​ដំរី​ត្រូវ​ដឹង​របៀប​នេះ ។ ឯអ្នក​តា​នោះ​មាន​រួប​សណ្ឋាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស តែ​ធំប៉ុន​ដំរី​សារ​អង្គុយ​ពែន​ភ្នែន នៅ​លើ​កំពូល​ភ្នំ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ ដំរី​ទាំង​ឡាយ​កើត​ពី​ខាង​កើត ហើយ​ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​អ្នក​តា​ម្នាក់​ម្តងៗ ។ ពេល​ដែល​ដំរី​ក្រាប​សំពះ​នោះ អ្នក​តា​ប្រាប់​ថា​ឆ្នាំ​នេះ​ត្រូវ​ឲ្យ​ដំរី​បរិភោគ​ដើម​ឈើ​នេះ​ជា​ថ្នាំ ដំរី​ទទួល​ប្គាប់​ហើយ​ក៏​ថយ​ចុះ​ទៅ​វិញ រួច​ដំរី​ណា​មាន​អាយុ​សង្ខារ​គ្រប់​កំណត់​នឹង​មរណៈ​ក្នុង​ឆ្នាំ​នោះ មិន​អាច​រស់​នៅ​ដល់​ពេល​ចូល​ថ្វាយ​បង្គំ​លើក​ក្រោយ​ទៀត​បាន​ទេ អ្នក​តា​ក៏​មិន​បាន​ប្រាប់​ថ្នាំ​ឲ្យ​ដំរី​នោះ​បរិភោគ​ទេ គ្រាន់​តែ​ធ្វើ​អាការ​ឲ្យ​សញ្ញា​ដោយ​លើក​ដៃ​ដាក់​លើ​ស្មា​ចង្អុល​ទៅ​ក្រោយ​គឺ​ចង្អុល​ទៅ​ខា​លិច​ភ្នំ ដំរី​នោះ​ក៏​ស្រក់​ទឹក​ភ្នែក ហើយ​ចុះ​ទៅ​តាម​ដៃ​អ្នក​តា​ទៅ ។ ពួក​ដំរី​ដែល​ជា​កូន​ចៅ ឬ​ជា​មិត្រ​សំឡាញ់​ឃើញ​ដូច្នោះ​ក៏​សំដែង​អាការ​ផ្សេងៗ ដើម្បី​ថ្លែង​សេចក្ដី​សោក​ស្តាយ ។

ដំរី​ដែល​នៅ​ក្នុង​ព្រៃ សឹង​មាន​ឥស្សរផាព​ជា​ទី​សប្បាយ​រីក​រាយ​ណាស់ តែ​មាន​ទេសកាល​ម្តងៗ នាំ​ឲ្យ​ពួក​ដំរី​ទាំង​ឡាយ​មាន​ទុក្ខ​ព្រួយ​គឺ​បើ​មេ​ដំរី​ណា​សំរាល​កូន​មក សប្បុរ​ទង់​ដែង (ហៅ​ថា​ដំរី) នោះ​ពួក​ដំរី​ទាំង​ឡាយ​នាំ​គ្នា​ខ្វល់​ខ្វាយ​ជួយ​ថែរក្សា​កូន​ដំរី​នោះ ។ បើ​កូន​ដំរី​នោះ​ចេញ​ដើរ​ទៅ​ទី​ណា តែង​នាំ​គ្នា​តាម​ទៅ​ឈរ​បាំ​ពី​មុខ​ពី​ក្រោយ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ ព្រោះ​មនុស្ស​លោក​កាល​ណា​ឃើញ​កូន​ដំរី​នោះ​ហើយ ពុំ​ដែល​រំលង​ចោល​មួយ​ដង​ដោះ​ឡើយ តែង​តែ​តាម​ទាក់​តាម​ចាប់ ម្ល៉ោះ​ហើយ​សេចក្ដី​អន្តរាយ ដោយ​គ្រឿង​អាវុធ​ក៏​កើត​មាន​ឡើង ដល់​ពួក​ដំរី​ទាំង​មូល លុះ​កូន​ដំរី​នោះ​ធំ​ពេញ​ជំទង់​ឡើង ក៏​នាំ​គ្នា​ចាប់​យក​ទៅ​ឲ្យ​ត្រាំ​ទឹក​ដេល​មាន​ជ័រ​ឈើ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ដំរី​ខ្មៅ​វិញ ។

សារ​ត្រឡប់​ទៅ​និយាយ​អំពី​ប្រពន្ធ​ព្រាន​ព្រៃ ។ ប្រពន្ធ​ព្រាន​ព្រៃ​កាល​គភ៌​គ្រប់​កំណត់​ទស​មាស ក៏​សំរាល​កូន​ចេញ​មក កូន​នោះ​ជា​ភេទ​ប្រុស មាន​រូប​រាង​ទ្រង់​ទ្រាយ​ដូច​ដំរី​ដោយ​ច្រើន ។ មាតា​បិតា​បាន​សន្មត​នាម​កុមារ​នោះ​ថា វ៉ឹក ។

ចៅ​វ៉ឹក​ពោល​ថា កាល​ខ្ញុំ​កើត​ឡើង​អាយុ​បាន​៣​ឆ្នាំ ក៏​នឹក​រលឹក​ដល់​ដំរី​ដែល​ជា​មាតា​នឹង​បង​ពុំ​ដឹង​ជា​នៅ​ឯណា នឹក​ពិចារណា​ឃើញ​តាង​ពី​នាំ​បណ្តើរ​មាតា​ចេញ​ចាក​ហ្វូង​ដំរី​មក​ដល់​ទី​ដែល​ព្រាន​ព្រៃ​បាញ់​ខ្លួន​នោះ ខ្ញុំ​មាន​សេចក្ដី​រំជួល​ក្នុង​ដួង​ហ្ឫទ័យ​កាន់​តែ​ខ្លាំង​ឡើង​ៗ នឹង​ទ្រាំ​នៅ​ស្ងៀម​ត​ទៅ​ពុំ​បាន​។ ទទួល​មាន​ឳកាស​ថ្ងៃ​មួយ

មាតា​បិតា​ខ្ញុំ​ទៅ​ធ្វើ​ចំការ​អស់ ទុក្ខ​ខ្ញុំ​ឲ្យ​នៅ​ចាំ​ផ្ទះ​ដោយ​ផ្តាំ​ផ្ញើ​នឹង​ញាតិ​ព្រៀង​លាន​ឲ្យ​ជួយ​ មើល​ផង ខ្ញុំ​ឃើញ​បាន​ឳកាស​ល្អ ក៏​រត់​ចេញ​ពី​ផ្ទះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ស្វែង​រក​ដំរី​ជា​មាតា​នឹង​បង ។ ខ្ញុំ​ចេញ​ដើរ​ទៅ​តាម​ផ្លូវ​ដែល​ខ្ញុំ​នៅ​ចាំ​កាល​កើត​ជា​ដំរី​ធ្លាប់​ដើរ ខ្ញុំ​ទទួល​ទាហារ​ផ្លែ​ឈើ​តាម​ដែល​ខ្ញុំ​ធ្លាប់​ទទួល​ទាន​កាល​ពី​នៅ​ជា​ជាតិ ​ដំរី ចេញ​ដើរ​ទៅ​ក្នុង​ព្រៃ​អស់​វេលា​រាត្រី​ជា​ច្រើន ឥត​មាន​ជួប​នឹង​មនុស្ស​ណា​ម្នាក់​សោះ ឃើញ​តែ​ដាន​ជើង​ដំរី​ព្រៃ ខ្ញុំ​ខំ​ដើរ​តាម​ដាន​ដំរី​ទៅ​ទៀត ។ គីត​អំពី​ថ្ងៃ​ដែល​ខ្ញុំ​ចេញ​អំពី​ផ្ទះ​ទៅ​បាន​៧​ថ្ងៃ ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ដំរី​ស្ត​១ ដើរ​ស៊ី​ក្នុង​ព្រៃ​ស្មាច់ ខ្ញុំ​គយ​គន់​មើល​ដោយ​សេចក្ដី​សង្កេត​សព្វ​គ្រប់​ទៅ ក៏​ស្គាល់​បាន​ប្រាកដ​ជា​បង​របស់​ខ្ញុំៗ ស្ទុះ​ចូរ​ទៅ ដើម្បី​សាក​សួរ​អំពី​សុខ​ទុក្ខ​នឹង​សួរ​រក​មាតា ។ ដំរី​ស្ត​កាល​បាន​ឃើញ​មនុស្ស​រត់​ចូល​ទៅ​ជិត​ដូច្នោះ ក៏​ភិត​ភ័យ​តក់​ស្លុត ស្ទុះ​រត់​ចេញ​ជា​ប្រញាប់ ។ ខ្ញុំ​នៅ​ចាំ​ភាសា​ដំរី ក៏​ស្រែក​ជា​ភាសា​ដំរី​អំពី​រឿង​រ៉ាវ ដែល​ធ្លាប់​នៅ​ជា​មួយ​គ្នា​ក្នុង​គ្រា​ដែល​កើត​ជា​ដំរី ខ្ញុំ​និយាយ​បណ្តើរ​រត់​តាម​បណ្ដើរ ទាល់​តែ​ដំរី​ស្ត​ស្តាប់​បាន​ទើប​ឈប់​លែង​រត់ ហើយ​ខ្ញុំ​ចូល​ទៅ​ឈរ​ទល់​មុខ​ដំរី ពោល​វា​ចា​ជា​ភាសា​ដំរី​សួរ​មាតា ។ ដំរី​ស្ត​ប្រាប់​មក​វិញ​ថា មាតា​យើង​ស្លាប់​ទៅ​ហើយ ។ ដំរី​ស្ត​ជឿ​ជាក់​ថា ប្អូន​បាន​ទៅ​កើត​ជា​មនុស្ស​មែន ក៏​មាន​សេចក្ដី​ស្នេហា​ចំពោះ​ខ្ញុំ​ក្រៃ​ពេក បាន​ចាប់​លើក​ខ្ញុំ​ដាក់​ឲ្យ​អង្គុយ​លើ​ពោង​នាំ​ចេញ​ទៅ​រក​ស៊ី​ព្រៃ​ស្ងាត់ ដែល​ឆ្ងាយ​អំពី​ហ្វូង​ដំរី ដើម្បី​ការ​ពារ​មិន​ឲ្យ​ដំរី​ព្រៃ​ឃើញ​ខ្លួន​ខ្ញុំ ហើយ​ខំ​រក​ផ្លែ​ឈើ​មើម​ឈើ​ឲ្យ​ខ្ញុំ​បរិភោគ​ជួស​តាង​បាយ ។ ដំរី​ស្ត​ខំ​ព្យាយាម​ខ្ញុំ​ពេញ​៣​ឆ្នាំ ឥត​បាន​ចូល​ទៅ​ក្នុង​ហ្វូង​ដំរី​ព្រៃ​សោះ ម្ល៉ោះ​ហើយ​បណ្តាល​ឲ្យ​កើត​សេចក្ដី​អផ្សុក​ធុញ​ទ្រាន់​ជា​ខ្លាំង ទើប​និយាយ​នឹង​ខ្ញុំ​ថា អូន​អើយ អូន​ឯង​បាន​ទៅ​កើត​ជា​មនុស្ស​ទៅ​ហើយ គួរ​តែ​ទៅ​នៅ​រួម​សាមគ្គី​នឹង​មនុស្ស ឯ​បង​ដែល​មាន​កំណើត​ជា​សត្វ​ដំរី​ក៏​ត្រូវ​រួម​សាមគ្គី​នឹង​សត្វ​ដំរី​ដូច​ គ្នា ល្ហើាយ​ចុះ​យើង​ជា​បង​ប្អូន​រួម​ផ្ទៃ​មួយ ក្នុង​គ្រា​អូន​ឯង​នៅ​ជា​សត្វ​ដំរី​ក៏​ត្រូវ​នៅ​ចាំ​ប្រាកដ​ថា​យើង​ជា​បង​ ប្អូន​នឹង​គ្នា​ជា​ដរាប​ត​ទៅ ។ ខ្ញុំ​បាន​តប​ទៅ​វិញ​ថា​ខ្ញុំ​ទទួល​ស្តាប់​ទាំង​អស់​ពាក្យ​ដែល​បង​និយាយ​ទាំង​ប៉ុន្មាន បើ​ដូច្នេះ សូម​បង​ជូន​ខ្ញុំ​ទៅ​ទី​លំនៅ​វិញ ។ ខ្ញុំ​នឹង​ដំរី​ស្ត​បាន​សំដែង​សេចក្ដី​អាឡោះ​អាល័យ​គ្នា​ជា​ពន្លឹក​ទៅ​វិញ​ ទៅ​មក រួច​ទើប​សំរី​ស្ត​ចាប់​លើក​ខ្ញុំ​ដាក់​លើ​ពោង ហើយ​ដើរ​តំរង់​ចូល​ទៅ​កាន់​ស្រុក​ភូមិ​នៃ​មនុស្ស លុះ​ទៅ​ជិត​ដល់​ក្រោយ​ផ្ទះ​មាតា​បិតា​ខ្ញុំ​ក៏​ដាក់​ខ្ញុំ​ឲ្យ​ចុះ​ពី​លើ​ ពោង ហើយ​ប្រញាប់​ប្រញាល់​វិល​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ។ ចំណែក​ខាង​ខ្លួន​ខ្ញុំ កាល​ចូល​មក​ដល់​ផ្ទះ មាតា​បិតា​ជា​ព្រាន​ព្រៃ​បាន​ឃើញ​ហើយ ក៏​មាន​សេចក្ដី​ត្រើត​រីក​រាយ​ឥត​ឧបមា ព្រោះ​កាល​បាត់​ខ្ញុំ​ទៅ​ជាង​៣​ឆ្នាំ ឥត​មាន​ដំណឹង​សោះ ។ ក្នុង​ពេល​ដែល​​ទើប​មក​ដល់​ខ្ញុំ​និយាយ​ភាសា​មនុស្ស​មិន​កើត​ទេ ព្រោះ​កាល​ខ្ញុំ​ឃ្លាត​ពី​មាតា​បិតា​ទៅ​នោះ នៅ​តូច​ណាស់ ភាសា​មនុស្ស​ទើប​តែ​នឹង​ចេះ​បន្តិច​បន្តួច​ខ្ញុំ​ស្តាប់​ពាក្យ​មាតា​បិតា​ដែល​សាក​សួរ បាន​ខ្លះ​មិន​បាន​ខ្លះ តែ​ខ្ញុំ​និយាយ​តប​វិញ​មិន​កើត ។ លុះ​កន្លង​ទៅ​៣-៤ ខែ​ទើប​និយាយ​រឿង​រ៉ាវ​ដែល​ពោល​ហើយ​នេះ ជា​ភាសា​មនុស្ស​ប្រាប់​មាតាបិតា​បាន ។

ចៅ​វ៉ឹក​នេះ លុះ​អាយុ​ពេញ​ការ​បាន​ចូល​ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត​កំពង់​ធំ ។​​ឈ្មោះ​នេះ​តែ​និយាយ​រឿង​រ៉ាវ​របស់​ខ្លួន​ចប់​កាល​ណា តែង​លើក​ដៃ​សំពះ​សុំ​ឲ្យ​បាន​ទៅ​កើត​ជា​សត្វ​ដំរី​វិញ ព្រោះ​ពុំ​ពេញ​ចិត្ត​នឹង​សេចក្ដី​ចង្អៀត​ចង្អល់​របស់​មនុស្ស​លោក​សោះ ។

អំពី​រឿង​ប្រវេណី​របស់​សត្វ​ដំរី​នេះ នៅ​មាន​ហ្ម​ម្នាក់​ឈ្មោះ ហ្ម​សុខ​ជា​ហ្ម​ជាន់​ចាស់ គាត់​និយាយ​ថា សត្វ​ដំរី​កាន់​កិរិយា​១ ប្លែក​ពី​សត្វ​ចតុប្បាទ​ដទៃៗ គឺ​នៅ​គ្រា​ដែល​សត្វ​ដំរី​រួម​បវេណី​នឹង​គ្នា ពុំ​បាន​ប្រព្រឹត្ត​ដូច​សត្វ​ទាំង​ពួង​ទេ ប្រព្រឹត្ត​បែប​យ៉ាង​មនុស្ស​ទៅ​វិញ ។ ថា​សត្វ​ដំរី​ញី​នឹង​ដំរី​ឈ្មោល កាល​ណា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ជា​ប្រាកដ មុន​នឹង​រួម​សំវាស​(ស្គាគ្នា) តែង​នាំ​គ្នា​ទៅ​រក​នាទី​ដី​ដែល​មាន​ភាព​ខូង​កណ្ដាល​ដើម្បី​ដេក​ផ្ងារ​បាន​ដោយ​ស្រួល តែ​មុន​បឹង​ប្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដី​ក្រហូង​នោះ ត្រូវ​ដំរី​ឈ្មោល​ធ្វើ​កិច្ច​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​មុខ​ដំរី​ញី​នោះ​ សិន តាម​លក្ខណៈ​ប្រវេណី ៣ ប្រការ​គឺ​៖
១-កាល​ណា​ស្គាគ្នា​រួច ត្រូវ​ជួយ​លើក​ឡើង​វិញ,
២-បើ​មាន​អាសន្ន​អន្តរាយ​ដោយ​សត្វ​ខ្លា​ឬ​ព្រាន​ព្រៃ​មក​ទាន់​ត្រូវ​នៅ​ជួយ​ការ​ពារ​គ្នា គ្រា​តែ​អស់​ជីវិត មិន​រត់​ចោល​គ្នា,

៣-ត្រូវ​ទុក​ការ​រួម​សំវាស (ស្គា​គ្នា) ជា​ដំបូង​នេះ​ជា​គោល​ថា នឹង​មិន​ទៅ​ស្នេហា​នឹង​ដំរី​ញី​ដទៃ ត្រា​តែ​អស់​ជីវិត ។
របៀបដែលស្បថនេះ ត្រូវ​ដំរី​ឈ្មោល​ស្បថ​បែរ​មុខ​ចំពោះ​ទៅ​រក​ព្រះ​អាទិត្យ លុត​ជង្គង់​លើក​ប្រមោយ​ឡើង​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ ៣ ដង ទើប​ដំរី​ញី​ព្រម​ព្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដីក្រហូង ។ បាន​ជា​ជាប់​កិច្ច​ស្បថ​ដូច្នេះ ព្រោះ​ដំរី​ញី​នឹង​ក្រោក​ឡើង​ខ្លួន​ឯង​វិញ​ពុំ​រួច ដោយ​ហេតុ​ទី​ដ៏​ខ្ពស់ ខាង​ឆ្វេង​នឹង​ខាង​ស្តាំ លុះ​តែ​ដំរី​ដូច​គ្នា ជួយ​លើក​​ទើប​ក្រោក​រួច ។
របៀប​ប្រវេណី​នៃ​សត្វ​ដំរី ដូច​បាន ពណ៌នា​ខាង​លើ​នេះ ជា​ការ​ពិត​ឬជា​ការ​ប្រឌិត​ឡោះង ដោយ​ថ្វី​មាត់​នៃ​អ្នក​កំប្លែង ដើម្បី​ពោល​ជា​ការ​កំសាន្ត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​ទេ ទុក​ដជូន​អស់​លោក​អ្នក​ដែល​បាន​មើល​ឬ​បាន​ស្តាប់​រឿង​នេះ ពិចារណា​ផង​ចុះ ៕
ស្រាវជ្រាវពីអ្នកនិពន្ធអត្ថបទខាងលើនេះដោយ÷ចៅតាជេត


ចែករំលែក៖