ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាឱ្យស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំដែលរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។ នេះបើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់៣នាក់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទេចមើលលែងយល់ ដោយសារថយន្តធុនធំដឹកស៊ីម៉ងត៍បុកពីក្រោយ ខណៈជនរងគ្រោះកំពុងជិះម៉ូតូហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N -0842 ឌុបគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង នៅចំណុចភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ ។ទី២-ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន និងទី៣-ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ អ្នករួមដំណើរ ជនរងគ្រោះទាំង៣នាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ម៉ូតូជនរងគ្រោះជិះពីត្បូងទៅជើង ខណៈពេលនោះមានរថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2N-0842 ពណ៌ប្រផេះ បើកស្របទិសគ្នាក្នុងល្បឿនមធ្យម ហើយស្របពេលជាមួយគ្នានោះមានរថយន្តម៉ាក HiNO ពាក់ស្លាកលេខ ភ្នំពេញ 3E -9321ដឹកស៊ីម៉ងត៍មកពីក្រោយក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នក៏បានកៀររថយន្តហាយឡេនឌ័រ ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទេច។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សិលា