ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមនបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីអស់លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង៥, នាយប៉ុស្ដិ៍នគរបាលទាំង៥, ផ្សារទាំង២, តំណាងក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១-ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន, ២-ការងារទប់ស្កាត់ក្មេងទំនើងក្នុងមូលដ្ឋាន, ៣-ការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និង៤-បញ្ហាផ្សេងៗ ។
លោក ថេង សុថុល បានស្នើសុំឱ្យរដ្ឋបាលសង្កាត់-ប៉ុស្តិ៍ ចូលរួមសហការក្នុងការរៀបចំបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវក្ដាប់ឲ្យបានអត្ដសញ្ញាណរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថា នៅពេលដែលមានបញ្ហាអ្វីកើតឡើង យើងត្រូវដឹងថា ប្រជាពលរដ្ឋនេះរស់នៅតំបន់នេះ ឬរស់នៅតំបន់នោះជាដើម ។
ដោយឡែកពាក់ព័ន្ធនឹងការបើកអាជីវកម្មអ្វីមួយ រដ្ឋបាលសង្កាត់ត្រូវចុះស្រង់ស្ថិតិឱ្យបានច្បាស់ ក៏ដូចជាការសាងសង់សំណង់អ្វីមួយ ត្រូវចុះទៅត្រួតពិនិត្យមើលថា តើការបើកអាជីវកម្ម ឬក៏ការសាងសង់សំណង់នោះមានច្បាប់ឬអត់ច្បាប់ ។
ទាក់ទងនឹងការសង់រោងបុណ្យ រោងការនៅលើដងផ្លូវ លោកអភិបាលខណ្ឌ បានស្នើដល់លោកចៅសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ ត្រូវចុះពិនិត្យមើល និងណែនាំកុំឲ្យមានការសាងសង់រោងបុណ្យ រោងការនៅលើដងផ្លូវ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានបន្តផ្ដាំផ្ញើដល់រដ្ឋបាលសង្កាត់នីមួយៗ ក្នុងខណ្ឌចំការមននេះ ត្រូវពិនិត្យមើលបញ្ហាសំរាម ដោយត្រូវបន្តណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករប្រមូលសំរាមចូលមកយកសំរាមចេញ ។
ចំពោះបញ្ហាក្មេងទំនើង លោក ថេង សុថុល បានប្រាប់ទៅរដ្ឋបាលសង្កាត់ ក៏ដូចជាលោកនាយប៉ុស្តិ៍ និងកម្លាំងនគរបាលទាំងអស់នៅក្នុងខណ្ឌ ពិនិត្យមើលក្មេងទំនើងដែលចូលមកប្រមូលផ្តុំគ្នាក្នុងកោះពេជ្រ ដោយមិនត្រូវឲ្យមានការប្រមូលផ្ដុំគ្នាដែលអាចបង្កជាបញ្ហាអសន្តិសុខផ្សេងៗជាដើម ។ ដោយឡែកបញ្ហាម៉ូតូដែលបំពាក់ស៊ីម៉ាំងប្រែន, លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានស្នើទៅកម្លាំងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់ក្នុងខណ្ឌ ពិនិត្យមើលម៉ូតូដែលបង្កការរំខានជាសំឡេងតាមដងផ្លូវ ហើយម៉ូតូនោះទៀតសោតគឺជាម៉ូតូដែលកែច្នៃ តែបច្ចុប្បន្ននគរបាលអធិការដ្ឋានខណ្ឌចំការមនបានធ្វើការឃាត់ម៉ូតូកែច្នៃចំនួន១២គ្រឿងដើម្បីធ្វើការអប់រំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោកនិងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជាដើម ៕
ដោយ៖ជីណា