ខេត្តស្វាយរៀង៖ បើតាមលោកព្រំ ផូ ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងថា ស្លាកលេខចាស់ៗដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិរថយន្តតាមបែបបទច្បាប់ចំនួន ១.៣៥៨ ស្លាក ត្រូវបានកាត់កម្ទេចចោល។
ការកម្ទេចស្លាកលេខចាស់ៗនេះបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវជាច្រើនរូបទៀតផងដែរ។
លោកព្រំ ផូ បានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចស្លាកលេខចាស់ៗដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធិតាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក។
លោកព្រំ ផូ បន្តទៀតថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិគឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃនៅមន្ទីរសាធារណការខេត្តស្វាយរៀងហើយមន្ត្រីជំនាញយើងបានខិតខំសម្រួលឯកសារនានាដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ។
សូមបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្តទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត។ ចំពោះឯកសារតម្រូវគឺមានពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ។
ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណប័ណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត – លិខិតទិញលក់ – កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ៕
ដោយ៖យឹម សុថាន