អន្តរជាតិ៖ អ៊ីរ៉ង់ បានប្រាប់កូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា៖ ឲ្យបញ្ចៀសការធ្វើនយោបាយលើការឃាត់នាវាដឹកទំនិញរបស់ខ្លួនដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ ជំរុញឲ្យកូរ៉េខាងត្បូងដោះស្រាយការជាបន្ទាន់ការបង្កកប្រាក់របស់ខ្លួនក្នុងធនាគារចំនួនពីរ ដែលមានតម្លៃ៧ពាន់លានដុល្លារ ដែលធ្វើឡើងក្រោមទណ្ឌកម្មអាមេរិក។
ជាក់ស្តែងនៅថ្ងៃទី១០ មករា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកChoi Jong-kun បានធ្វើដំណើរទៅអ៊ីរ៉ង់ ដើម្បីពិភាក្សាពីការដោះលែងនាវាផ្ទុកទំនិញរបស់ខ្លួន ដែលត្រូវបានកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឃាត់ទុកនៅថ្ងៃទី៤ខែមករា នៅជិតច្រកសមុទ្រ Hormuz។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ។ ប៉ុន្តែរហូតមកទល់ថ្ងៃទី១១ ខែមករាម្សិលមិញ បញ្ហានេះមិនទាន់ត្រូវបានដោះស្រាយឡើយ។
ចំណែកការឃាត់នាវា និងនាវិកចំនួន២០នាក់ អ៊ីរ៉ង់ធ្លាប់លើកឡើងថា មិនមែនជារឿងចំណាប់ខ្មាំងឡើយ តែរិះគន់កូរ៉េខាងត្បូងពីការយកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ធ្វើជាចំណាប់ខ្មាំង តាមរយៈការបង្កកប្រាក់រហូតដល់ទៅ៧ពាន់លានដុល្លារតាំងតែពីឆ្នាំ២០១៩ មកទៅតាមតាមទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅនឹងអ៊ីរ៉ង់។
បេីតាមការលើកឡើងរបស់លោក Abbas Araqchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលចុះផ្សាយដោយទូរទស្សន៍រដ្ឋនៅថ្ងៃទី១០ មករា បានបញ្ជាក់ថា៖«កូរ៉េខាងត្បូងគួរតែឈប់យកការឃាត់នាវាមកធ្វើជារឿងនយោបាយ និងឈប់ឃោសនាឥតបានការ ដើម្បីអនុញ្ញាតឲ្យនីតិវិធីតុលាការបន្តទៅមុខ»។
ដោយឡែកបេីយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ការឃាត់នាវានេះទុកធ្វើតាមដីការរបស់តុលាការ ដោយសារតែនាវានេះបំពុលបរិស្ថានជាច្រើនដង។
ទាក់ទងរឿងនេះ ក្រុមហ៊ុន Tuikun Shipping ដែលជាប្រតិបត្តិករនាវាដឹកទំនិញខាងលើ លើកឡើងថា អាជ្ញាធរអ៊ីរ៉ង់ពុំបានបង្ហាញពីបញ្ហាអ្វីទាក់ទងការបំពុលបរិស្ថានមុនពេលឃាត់នាវា។ នាវាកូរ៉េខាងត្បូង ផ្ទុកសារធាតុអេតាណុលចំនួន៧,២០០តោន និងមាននាវិក២០នាក់។ នាវិកទាំងអស់ពុំទាន់ទទួលបានសេរីភាពឡើយ ដោយអ៊ីរ៉ង់សង្កត់ធ្ងន់ថា ត្រូវឆ្លងកាត់នីតិវិធីតុលាការជាមុនសិន។
លោកAraqchi អនុរដ្ឋមន្ត្រីអ៊ីរ៉ង់ ប្រាប់លោក Choi ឲ្យស្វែងរកវិធានការចាំបាច់ក្នុងការដោះស្រាយបញ្ហាបង្កកប្រាក់ ព្រោះជាអាទិភាពទីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះការចរចាប្រាក់ចំនួន៧ពាន់លានដុល្លារដែលកូរ៉េខាងជើងបង្កកវិញ មន្ត្រីការទូតអ៊ីរ៉ង់ចោទ កូរ៉េខាងត្បូងគ្មានឆន្ទៈនយោបាយក្នុងការដោះស្រាយច្រើនជាងការអនុវត្តតាមទណ្ឌកម្មអាមេរិក។
គួរបញ្ជាក់ថា បេីតាមសារព័ត៌មានអ៊ីរ៉ង់ Tehran Times ធ្លាប់បានចុះផ្សាយថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងក្នុងការប្រើប្រាក់ដែលបានបង្កក ទៅដោះដូរជាមួយវ៉ាក់សាំង និងទំនិញសំខាន់ៗដូចជាអាហារ និងឱសថជាដើម៕ដោយ៖ស តារា
រូបភាព៖AFP
រូបភាព៖លោក Abbas Araqchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់