ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ ៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត ដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយការវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៥លានរៀលទៀត លើថវិកាដែលបានឧបត្ថម្ភមុនចំនួន១លាន៣០ម៉ឺនរៀលកាលពីម្សិលមិញ ជូនដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ។ 

រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា, ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារមន្ទីរពេទ្យរមាសហែក អត់ហ៊ានវះកាត់ ទើបគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមន្ទីរពេទ្យបង្អែកខេត្តធ្វើការវះកាត់ជូនគាត់រហូតទទួលជោគជ័យ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា៖ ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេត្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

សូមជម្រាបជូនថា , នៅព្រឹក​ ថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២១​ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​ ទេ​ និង​មានជាសះស្បេីយ​ ២នាក់ (បាត់ដំបង​ទាំងពីរនាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩២នាក់  ដដែល​ ចំនួនសំរាកពេទ្យ​នៅសល់ ១៦នាក់ ​(ប៉ៃលិន​ ៧នាក់ ភ្នំពេញ​ ១នាក់ និង​ បន្ទាយ​មានជ័យ​ ៨នាក់)​ និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៧៦នាក់ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 358406  ស្មេីនឹង​ 21333  ក្នុង១លាន នាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖សិលា


ចែករំលែក៖