ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លក់ម៉ូតូហើយយកលុយរួច បែរជាមិនឱ្យម៉ូតូទៅអ្នកទិញថែមទាំងប្រុងជិះគេចខ្លួនទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានយកម៉ូតូមួយគ្រឿងទៅលក់ ពេលបានលុយហើយ បែរជាឡាំប៉ាមិនចង់ប្រគល់ម៉ូតូឱ្យអ្នកទិញហើយថែមទាំងរកទាញម៉ូតូបើករត់ទៀត ត្រូវបានអ្នកទិញនាំគ្នាដេញចាប់បានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣  ដើម្បីចាត់ការតាមច្បាប់។

 ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នៅចំណុច ផ្ទះទិញលក់ម៉ូតូមួយកន្លែងនៅម្តុំឃ្លាំងរំសេវ តាមបណ្ដោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  ជនសង្ស័យដែលសម្ថតកិច្ចឃាត់ខ្លួននេះមានឈ្មោះ ខឿន ចំណាន ភេទប្រុសអាយុ ៣១ឆ្នាំ មានលំនៅ ភូមិសាមក្អោក  ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុជនសង្ស័យបានយកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP.9571 យកទៅបញ្ចាំនៅក្នុងហាងបញ្ចាំមួយកន្លែងនៅក្បែរនោះ។ លុះនៅថ្ងៃកើតហេតុក៏មានបំណងចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយអ្នកគូកជេម៉ូតូដើម្បី យកលុយទៅលោះម៉ូតូពីកុងស៊ី យកម៉ូតូទៅលក់វិញ នៅកន្លែងទិញលក់ម៉ូតូ។

តាមប្រភពព័ត៌មានឱ្យដឹងទៀតថា ខណៈនោះ អ្នកទិញក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាត់គ្រីឃើញថាត្រឹមត្រូវហើយ បានចរចាឱ្យតម្លៃ៨២០ដុល្លារ ម្ចាស់ក៏ព្រមលក់ ។នៅពេលឱ្យអ្នកទិញប្រគល់ប្រាក់រួចរាល់យកទៅចែកគ្នាជាមួយអ្នកគូកជេមិនត្រូវគ្នា  ហើយឡាំប៉ាមិនឱ្យម៉ូតូទៅអ្នកទិញថែមប្រុងទាញម៉ូតូជិះគេចខ្លួន ត្រូវបានអ្នកទិញនាំគ្នាដេញចាប់បាន ។ បន្ទាប់ពីចាប់ជននោះបានហើយជននោះក្រាញ់ននៀលមិនព្រមទៅណាទេត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និង ប្រជាពលរដ្ឋនាំគ្នាចាប់សែងដាក់រ៉ឺម៉កបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣ ។

លោកវរសេនីយ៍ត្រី ផាត់ សារ៉ាន នាយប៉ុសិ៍្តទឹកល្អក់ទី៣ បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ៖រ៉ារ៉ា


ចែករំលែក៖