ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានព្រមានដល់ក្រុមហ៊ុនថា បើត្រឹមដំណាច់ឆ្នាំ២០២១ នៅតែមិនមានសកម្មភាពប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រសួងនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុន ហើយដាក់ដេញថ្លៃ បន្តឱ្យក្រុមហ៊ុនថ្មី ចូលធ្វើជំនួស។ ក្រោយពីក្រសួងបានសម្រេចអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុននេះ អស់រយៈពេល ១០ឆ្នាំទៅហើយ។ ប៉ុន្តែក្រុមហ៊ុន នៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។
នៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១២ ខែមករា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្រេចបន្តអាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុន រង់ ឈិន ម្តងទៀត ប៉ុន្តែត្រូវមានលក្ខខណ្ឌ ធ្វើប្រតិបត្តិការអាជីវកម្ម ដោយចាប់ផ្ដើមពីពេលនេះតទៅ។
ចំណែកតំណាងក្រុមហ៊ុន រង់ ឈិន ក៏បានលើកឡើងពីបញ្ហាខាងលើដែរថា ក្រុមហ៊ុនរបស់ខ្លួន គឺបានសាងទីតាំងក្រុមហ៊ុន ពីក្រុមហ៊ុនចាស់ ដែលជាម្ចាស់អាជ្ញាប័ណ្ណ។ ដូច្នេះហើយ ទើបធ្វើឲ្យ សង្វាក់ផលិតកម្ម មានភាពរអាក់រអួល។ ជាងនេះទៀតសោត ក្រោយពីក្រុមហ៊ុន ទទួលការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណនៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហា Covid-19 ដែលបានបណ្ដាលឱ្យក្រុមអ្នកជំនាញ នៅឯប្រទេសចិន មិនអាចធ្វើដំណើរ មកបំពេញការងារឲ្យក្រុមហ៊ុនបាន។
ជុំវិញការលើកឡើងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលោករដ្ឋមន្ត្រី ស៊ុយ សែម បានដាក់ចេញនូវដំណោះស្រាយឲ្យក្រុមហ៊ុន មានភាពងាយស្រួល ក្នុងការយកអ្នកបច្ចេកទេស ពីប្រទេសចិន មកបំពេញការងារ និងសម្រេចបន្តសុពលភាពអាជ្ញាប័ណ្ណ ដើម្បីឲ្យក្រុមហ៊ុន អាចសាកល្បងអាជីវកម្មរបស់ខ្លួនបាន ក្នុងរយៈពេលពេញ ១ឆ្នាំនេះ៕ដោយ៖សហការី