ព័ត៌មានទាន់ហេតុការណ៍៖

ចែកអាល់កុលនិងសម្ភារមួយចំនួនទៀតដល់គ្រឹះស្ថានសិក្សាអប់រំរបស់រដ្ឋចំនួន២៨និងចែកអំណោយដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បចូលរួមចំណែកក្នុងការ បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនជុំវិញពិភពលោកនោះ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចែកអាល់កុល និងសម្ភារមួយចំនួនទៀតដល់គ្រឹះស្ថានអប់រំរបស់រដ្ឋចំនួន២៨នៅក្នុងខណ្ឌច្បារអំពៅ ។

     ក្នុងពិធីនេះលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើឱ្យលោកគ្រូ  អ្នកគ្រូ ដែលជានាយកសាលាត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ថ្វីដ្បិតតែប្រទេសយើងទទួលបានចំណាត់ថ្នាក់លេខ១នៅលើពិភពលោកក្នុងកិច្ចការពារជំងឺឆ្លងកូវីដ-១៩យ៉ាងណាក៏ដោយក៏យើងមិនត្រូវធ្វេសប្រហែលឡើយ ត្រូវរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តទៅទៀត ។ 

    លោកអភិបាលបានបន្តថា ជំងឺឆ្លងកូវីដ-១៩ អាចហៅម៉្យាងទៀតថាជាជំងឺកូរ៉ូណា បើយើងធ្វេសប្រហែសតែបន្តិចអាចឱ្យយើងមរណា គ្មានថ្ងៃវិលវិញនោះទេ។ ដូច្នេះហើយយើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ កុំឱ្យរីករាលដាលតទៅទៀត តាមរយៈការអនុវត្តជាប្រចាំនូវគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣គឺ ទី១- ឧស្សាហ៍លាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល , ទី២-អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ និងទី៣-កុំប្រមូលផ្តុំគ្នាច្រើន ។

     នៅព្រឹកថ្ងៃដដែលនេះដែរបន្ទាប់ពីចែកអាល់កុល និងជែលដល់គ្រឹះស្ថានសិក្សារួចមក លោកអភិបាលខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

     ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ៕

ដោយ៖សណ្តោស


ចែករំលែក៖