ព័ត៌មានទាន់ហេតុការណ៍៖

ការសាកល្បងវ៉ាក់សាំងកូវីដ​-១៩ ​​របស់ចិន ធ្វើតេស្តនៅប្រទេសប្រេស៊ីលមានប្រសិទ្ធភាព​៥០%

ចែករំលែក៖

ក្រុមអ្នកស្រាវជ្រាវ កាលពីថ្ងៃទី​១២ខែមករា ឆ្នាំ​២០២១ បានប្រកាសថា លទ្ធផលធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​របស់ចិននៅក្នុងទឹកដីប្រេស៊ីល មានប្រសិទ្ធភាព៥០,៤%​​ គឺទាបជាងច្រើន បើប្រៀបធៀបនឹងតួលេខ​ប្រកាសកាលពីដំបូង ។
កាលពីដើមខែមករា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ប្រេស៊ីលបានប្រកាសថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech ​មានប្រសិទ្ធភាព ​៧៨ភាគរយ ។ លោក​Ricardo Palacios មន្ត្រីក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ​បានឲ្យដឹងនៅថ្ងៃទី​១២ខែមករាថា លទ្ធផលស្រាវជ្រាវ ថ្មីនេះគឺបន្ថែមអ្នកដែលឆ្លងកូវីដ​-១៩​កម្រិតស្រាល ក្រោយការចាក់វ៉ាក់សាំង​។
បណ្តាញព័ត៌មាន Al Jazeera បានផ្សាយថា លទ្ធផលខាងលើ បានធ្វើឲ្យប្រេស៊ីលខកចិត្តយ៉ាងខ្លាំង​​ ក្រោយរដ្ឋាភិបាលបានជ្រើសរើស វ៉ាក់សាំង​របស់ចិនសម្រាប់ចាក់ជូនពលរដ្ឋ​។
ក្រុមអ្នកវិទ្យាសាស្ត្រ​បានថ្កោលទោសយ៉ាងខ្លាំងដល់ មជ្ឈមណ្ឌល Butantanដែលបានប្រកាសលទ្ធផលខាងលើ អាច ធ្វើឲ្យពលរដ្ឋនិងបណ្តាប្រទេសបោះបង់វ៉ាក់សាំងកូវីដ​-១៩​របស់ចិន​។ មិនតែប៉ុណ្ណោះពលរដ្ឋប្រេស៊ីលគ្មានទំនុកចិត្តទៅលើវ៉ាក់សាំងចិនទៀតឡើយ។ មជ្ឈមណ្ឌល Butantan​បានពន្យារពេលប្រកាសលទ្ធផលខាងលើដល់ទៅ​៣លើកកន្លងមក ដោយគោរពតាមកិច្ចព្រមព្រៀងរក្សាការសម្ងាត់​​។
ជាមួយគ្នានេះដែរ កាលពីចុងខែធ្នូឆ្នាំ​២០២០​ ក្រុមអ្នកស្រាវជ្រាវរបស់តួកគីបានប្រកាសថា វ៉ាក់សាំង​កូវីដ -១៩ របស់ក្រុមហ៊ុនSinovac មានប្រសិទ្ធភាព​ដល់ទៅ​៩១,២៥% ។ ចំណែកប្រទេសឥណ្ឌូនេស៊ីវិញ កាលពីថ្ងៃទី​១១ខែមករាឆ្នាំ​២០២១ បានប្រកាសថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ​៦៥ភាគរយ ។ នៅពេលនេះប្រទេសឥណ្ឌូនេស៊ីក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ របស់ចិនដែរ៕

ដោយ៖ធី រីណា(រូបភាព៖ Reuters)


ចែករំលែក៖