ខេត្តតាកែវ ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលអាចកើតមាន ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ចាត់តាំងកម្លាំងចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា -វៀតណាម ( តាកែវ – គៀនយ៉ាង ) ដឹកនាំដោយ លោកវរសេនីយ៍ឯក ចាប សាវឿន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងតាកែវ ធ្វើការចុះល្បាតតាមបង្គោលព្រំដែន ស្ថិតក្នុងភូមិជាវប្តី ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ការចុះល្បាតគឺត្រូវបានធ្វើឡើង ដើម្បីការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។
ជាការកត់សម្គាល់ គឺពុំមានបទល្មើសឆ្លងដែន ឬមានបញ្ហាអសន្តិសុខ ក្នុងតំបន់នេះឡើយ។ កងកម្លាំងទាំងអស់បានបន្តចុះល្បាតជាប់ជាប្រចាំតាមផែនការ និងបទបញ្ជារបស់ថ្នាក់ដឹកនាំយោធភូមិភាគទី៣ បានដាក់ចុះប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ សំដៅធានាការពារឲ្យបានចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ស្របតាមមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
ដោយ, សិលា