ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៦នាក់រងរបួសធ្ងន់ និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគោយន្តកន្ត្រៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ ពីក្រោយនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅចំណុចផ្លូវប្រសព្វមុខខ្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX.300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-0799 អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ព្រោះបានរត់គេចខ្លួនបាត់។ ចំណែកគោយន្តកន្ត្រៃមានផ្ទុកមនុស្សចំនួន៦នាក់ ។
លោកនាយការិយាល័យបានបញ្ជាក់ថា៖ អ្នកបើករថយន្តបានធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាចំណុចផ្លូវប្រសព្វ គោយន្តកន្ត្រៃបានប្តូរគន្លងបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើករថយន្តជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងធ្វើឱ្យរងរបួសមនុស្សធ្ងន់ស្រាលទាំងអ្នកបើកបរនិងអ្នករួមដំណើរ៦នាក់ ក្នុងនោះមានមនុស្សប្រុស២នាក់និងស្រី១នាក់រងរបួសធ្ងន់ ចំណែក៣នាក់ទៀតរងរបួសស្រាលបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពម្កាក់។ ចំណែករថយន្តនិងគោយន្តកន្ត្រៃខូចខាតធ្ងន់ទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖