ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀងឈប់យោគយល់ហើយ បានចុះអនុវត្តវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនចូលចិត្តលក់ដូររំលោភលើចំណីផ្លូវសាធារណៈនិងបានកាត់សំយាបលយមុខផ្ទះនៅជុំវិញផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង លោកសរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងបានប្រកាសថាលោកឈប់យោគយល់ហើយ ក៏បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូសមិនឈឺក្បាលដោយមិនព្រមអនុវត្តតាមការណែនាំ នៅជុំវិញផ្សារវាលយន្តស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

ការចុះអនុវត្តវិធានការក្តៅនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១ដោយមានការចូលរួមពីលោកកែន រិទ្ធី អធិការនគរបាលក្រុង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ត្រីរដ្ឋបាលក្រុង ប្រជាការពារភូមិនិងម្ចាស់ភាស៊ីផ្សារជាច្រើនរូបផងដែរ។

លោក សរ សុដានី អភិបាលរងក្រុងបានឱ្យដឹងថា រដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសាក៏ដូចជាតាមរយៈការចាក់មេក្រូ   ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ ធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទំនិញ បន្លែនិងរបស់របរផ្សេងៗមានចិត្តសប្បាយរីករាយ។ចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមទេ គឺគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីបានលក់ដូរបំពានលើចំណីផ្លូវ ហើយក្នុងនាមលោកជាអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។

តាំងនាមអាជ្ញាធរក្រុងស្វាយរៀងលោកលោកអភិបាលរងក្រុងសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀងក្នុងការរៀបចំសណ្ដាប់ធ្នាប់។ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាក់បីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះប្រើសម្តីមិនល្អមិនពីរោះស្ដាប់ ប៉ុន្តែអាជ្ញាធរបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនឱ្យមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សារវាលយន្តក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀងនិងធ្វើសំយាបផ្ទះលយមកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូនហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះគឺមិនពិតទេ។ ការពិតគឺចង់ឱ្យបងប្អូនមានការប្រែក្លាយជាអាជីវករលក់ដូរគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនអាចធ្វើទៅបាន៕ យឹម សុថាន


ចែករំលែក៖