ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចិន ​រាយការណ៍​ពី​ការស្លាប់​ដោយសារ​កូ​វីដ​-១៩ មួយ​ករណី ដែល​នេះ​ជាករណី​ស្លាប់​ក្នុង​រយៈពេល​៨​ខែ​ចុងក្រោយ​

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ពីការស្លាប់ដោយសារកូវីដ​-១៩ មួយករណី ដែលនេះជាករណីស្លាប់ក្នុងរយៈពេលខែចុងក្រោយ ករណីស្លាប់នេះ កើតឡើងស្របពេលចិន មានករណីឆ្លងហក់ឡើងដល់កំណត់ត្រាថ្មីផងដែរ

ជាក់ស្តែងអាជ្ញាធរសុខាភិបាល នៅថ្ងៃទី១៣ ខែមករាម្សិលមុិញនេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៣៨ករណី ដោយ ១២៤ករណី គឺជាករណីឆ្លងក្នុងស្រុក នេះជាតួលេខឆ្លងប្រចាំថ្ងៃដ៏ច្រើនគិតតាំងពីខែមីនា ឆ្នាំ២០២០ មក ជាមួយគ្នា ចិនក៏កត់ត្រាករណីស្លាប់លើកដំបូងក្នុងពេលខែមកផងដែរ ដោយករណីស្លាប់មាននៅខេត្តហឺប៉ី ជាប់រដ្ឋធានីប៉េកាំង ដែលជាទីតាំងផ្ទុះករណីឆ្លងថ្មី ករណីនេះ មិនត្រូវបានអាជ្ញាធរ បញ្ជាក់ពីព័ត៌មានលំអិតអ្វីឡើយ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ ថាតួលេខសរុបរបស់ចិនមានចំនួន ៨៧៨៤៤ករណី អ្នកស្លាប់មានចំនួន ៤៦៣៥នាក់ចំណែកអ្នកជាសះស្បើយមានចំនួន ៨២៣២៤នាក់

សូមជម្រាបថា ក្រុងវូហាន ប្រទេសចិន គឺជាកន្លែងដែលផ្ទុះកូវីដ​-១៩មុនដំបូងគេ បន្ទាប់ពីមានករណីឆ្លងផ្ទុះបែបនេះ រដ្ឋាភិបាលចិន បានចាត់វិធានការបិទក្រុង ផ្អាកមធ្យោបាយដឹកជញ្ជូន បិទហាងទំនិញមិនចាំបាច់និងវិធានការផ្សេងទៀតជាដើម ដោយសារវិធានការទាំនោះចិនបានធ្វើឲ្យករណីឆ្លងកូវីដ​-១៩ ជាច្រើនពាន់ករណី ធ្លាក់មកស្ថិតក្រោមការគ្រប់គ្រងយ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ​-១៩ នៅចិន បានងើបឡើងវិញ

អាជ្ញាធរចិន កាលពីសប្តាហ៍មុន បានធ្វើតេស្តទ្រង់ទ្រាយធំ បិទប្រព័ន្ធដឹកជញ្ជូន និងហាងលក់ទំនិញជាច្រើន ក្នុងក្រុងស៊ីចាឆ័ង ដែលជាទីក្រុងធំជាងគេក្នុងខេត្តហឺប៉ីហើយនេះជាផ្នែកមួយនៃវិធានទប់ស្កាត់ការរាតត្បាតកូវីដ​-១៩។ បន្ទាប់ពីក្រុងស៊ីថា និងឡាងហ្វា របស់ខេត្តមួយនេះ ក៏ត្រូវបានបិទដែរ ចំណែកខេត្តហីឡុងជាំ នៅភាគឦសានវិញ ស្ថិតក្រោមការប្រកាសអាសន្នផងដែរ បន្ទាប់ពីករណីឆ្លងកើនឡើងខណៈប្រជាជនក្នុងខេត្តនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញពីខេត្តឡើយ

ដោយឡែកចំពោះករណីឆ្លងផ្ទុះឡើងនៅប្រទេសចិន ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ត្រូវទៅដល់ក្រុងវូហាននៅថ្ងៃទី១៤ ខែមករានេះដែរ ដើម្បីស៊ើបអង្កេតពីដើមកំណើតនៃកូរ៉ូណាវីរុស អ្នកជំនាញចំនួន១០រូប ដែលដឹកនាំដោយលោក Peter Ben Embarek អ្នកវិទ្យាសាស្ត្ររបស់ WHO ត្រូវដាក់ត្តាឡីស័ករយៈពេល ១៤ថ្ងៃ មុនបើកការស៊ើបអង្កេត

បើតាមអ្នកវិទ្យាសាស្ត្រជនជាតិវៀតណាមម្នាក់ ដែលស្ថិតក្នុងក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទៅវូហាននោះដែរ លោក Hung Nguyen បានបញ្ជាក់ថា អ្នកជំនាញនឹងប្រើប្រាស់ពេលវេលា រយៈពេល ១៤ថ្ងៃ ដើម្បីសម្ភាសប្រភពជាច្រើននៅវិទ្យាស្ថានស្រាវជ្រាវ​, មន្ទីរពេទ្យ និងអ្នកលក់ដូរក្នុងផ្សារលក់គ្រឿងសមុទ្រ ក្នុងក្រុងវូហានដែលត្រូវបានសន្មត់ថា ជាប្រភពចម្លងមុនគេ បេសកកម្មនេះ អាចផ្តោតតែនៅក្នុងក្រុងវូហានមួយប៉ុណ្ណោះ

គួរបញ្ជាក់ដែរថា ជុំវិញបញ្ហានេះដែរអាមេរិក កន្លងទៅ បានអំពាវនាវឲ្យអង្គការសុខភាពពិភពលោក ស៊ើបអង្កេតលើដើមកំណើតកូរ៉ូណាវីរុស នៅក្នុងប្រទេសចិនឲ្យមានតម្លាភាព បន្ទាប់ពីចោទអង្គការអន្តរជាតិមួយនេះលម្អៀងទៅរកចិន

ដោយ៖សតារា

រូបថត Xinhua


ចែករំលែក៖