ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយដល់ប្រជាពលរដ្ឋនិងអាជ្ញាធរខណ្ឌដង្កោចុះជួយធ្វើអន្តរាគមន៍ បន្ទាប់ពីកូនអុជទៀនលេងមិនប្រយ័ត្នធ្វើឱ្យដួលរលំធ្លាក់មកលើពូកបណ្ដាលឲ្យឆាបឆេះហុយផ្សែងពេញបន្ទប់ឡៅតឿ កាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ16-R ផ្លូវលេខ 5 នៅបុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ស៊ន សុខហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។
យោងតាមសម្ដីលោក តុល តូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុផ្ទះខាងលើត្រូវបានខាង (EDC) ផ្តាច់ភ្លើងហើយកូនស្រីរបស់ម្ចាស់ផ្ទះឈ្មោះ ហើង យូរៀន ភេទស្រី អាយុ១៣ឆ្នាំ បានអុជទៀនដាក់លើគ្រែក្នុងបន្ទប់ដើម្បីរកខោអាវស្លៀកពាក់ទៅរៀន ហើយក៏បានចុះមកខាងក្រោម ស្រាប់តែទៀនបានរលំលើពូកបណ្តាលឱ្យមានភ្លើងឆាបឆេះនិងមានផ្សែងហុយចេញមកក្រៅ។ ពេលនោះម្តាយក៏ស្រែកផ្អើលឆោឡោដល់អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកទៅបាញ់ពន្លត់ជាបឋម។
ប្រជាពលរដ្ឋបានឲ្យដឹងដែរថា ដោយសារតែស្ថានភាពភ្លើងឆេះខ្លាំង ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យមកជួយធ្វើអន្តរាគមន៍។ ភ្លាមៗនោះសមត្ថកិច្ចខណ្ឌដង្កោក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចពន្លត់អគ្គិភ័យទើបមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅដល់ចំនួន២ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចំនួនមួយគ្រឿងក៏បានទៅដល់ដែរ ហើយបានបាញ់ទឹកពន្លត់អស់ទឹកចំនួន១គ្រឿទើបរលត់។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះគឺបណ្ដាលមកពីកូនរបស់ម្ចាស់ផ្ទះអុជទៀនហើយទុកចោលមិនប្រយ័ត្នក៏បណ្ដាលឱ្យឆាបឆេះខោអាវនិងពូកបែបនេះ។ ក្នុងករណីអគ្គិភ័យខាងលើនេះគឺមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺឆាបឆេះតែពូកខោអាវនិងសម្ភារមួយចំនួនតែប៉ុណ្ណោះ ហើយសមត្ថកិច្ចបានបាញ់ពន្លត់អគ្គិភ័យនេះនៅវេលាម៉ោង១០ និង៣០នាទីទើបរលត់ជាស្ថាពរ៕ ដោយ៖ ភារ៉ា ដង្កោ