ភ្នំពេញ៖ នៅថ្ងៃសុក្រ ២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានបេីកនូវសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្មនៅកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការបច្ចេកទេស និងវិទ្យាសាស្ត្រសម្រាប់ទឹកកសិកម្ម (COSTEA) ក្រោមអធិបតីភាព លោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងជាជនបង្គោលរបស់ COSTEA ដោយមានការចូលរួមពីសិក្ខាកាមចំនួន ២០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមមាន ៖ តំណាងពីក្រសួងកសិកម្ម តំណាងពីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា និងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងសហគមន៍កសិករប្រេីប្រាស់ទឹក នៅភោជនីយដ្ឋាន ទន្លេបាសាក់២។
គោលបំណងនៃសិក្ខាសិលានេះ គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ដល់ភាគីអ្នកពាក់ព័ន្ធ ដោយប្រេីប្រាស់នូវក្របខ័ណ្ឌសកល និងបរិបទកម្ពុជា សម្រាប់ជាធាតុផ្សំក្នុងការបង្កើត និងការរៀបចំគាំទ្រដោះស្រាយបញ្ហាប្រឈម ព្រមទាំងការគ្រប់គ្រងទឹកស្រោចស្រពកសិកម្មដល់កសិករក្នុងបរិបទផ្សេងគ្នាៗ ដោយមានការអន្តរាគមន៍ពីសំណាក់ AFD គាំទ្រដល់ផ្នែកគោលនយោបាយលើប្រព័ន្ធធារាសាស្ដ្រនៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពនៃការស្រោចស្រពដល់ប្រជាកសិករខ្មែរ ឲ្យកាន់តែមានលក្ខណៈល្អប្រសេីរឡេីង។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយក បានផ្តាំផ្ញេីដល់សិក្ខាកាមដែលមានវត្តមាននៅថ្ងៃនេះ សូមយកចិត្តទុកដាក់ ចែករំលែកបទពិសោធន៍ និងចូលរួមជួយគាំទ្រដល់ការសិក្សានៃគម្រោង COSTEAនេះ ដើម្បីឲ្យទទួលបានជោគជ័យ និងអាចប្រើប្រាស់ករណីសិក្សានៅប្រទេសកម្ពុជានេះ សម្រាប់ជាមេរៀន និងបទពិសោធន៍ ដើម្បីអភិវឌ្ឍការស្រោចស្រពរបស់កសិករ និងជាសូចនាករ ព្រមទាំងអាចជាផែនទីបង្ហាញផ្លូវនាពេលខាងមុខផងដែរ ៕
ដោយ៖ សិលា