ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាស​គម្រប់​ខួប​ ៣៦ឆ្នាំ​ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រី​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងទូទាំងខេត្តស្ទឹងត្រែង និងក្នុងនាមខ្លួន ខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីអំណរសាទរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្ត ប្រកបដោយក្តី មោទនភាពក្រៃលែង សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួប ៣៦ឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា មកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

ស្ថិតក្នុងមុខតំណែង តួនាទីជា នាយករដ្ឋមន្ត្រី រយៈពេល ៣៦ឆ្នាំ កន្លងទៅនេះ សម្តេចតេជោ គឺជា អគ្គមគ្គទេសក៍ដឹកនាំដ៏ឆ្នើមសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានតស៊ូរំដោះប្រទេសជាតិ ពីរបបប្រួល័យពូជ សាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព អធិបតេយ្យភាព ការពារបូរណភាពទឹកដី និងអភិវឌ្ឍ សេដ្ឋកិច្ចជាតិរឹងមាំ នាំឲ្យប្រទេសជាតិទាំងមូលទទួលបាននូវ “សន្តិភាព ពេញបរិបូរណ៍ និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងទោះជាក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិ ជាសកលដែលបង្កឡើងដោយជំងឺកូវីដ-១៩ប្រទេសជាតិយើងនៅតែបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗជា ច្រើន ជាពិសេសការទទួលបានតំណក់ប្រេងជាលើកដំបូង ជាប្រវត្តិសាស្ត្រស្របពេលនឹងខួបលើកទី២២ នៃការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ។ ក្នុងឱកាសដ៏ថ្លៃថ្លា វិសេសវិសាលប្រកបដោយក្តីមោទនភាពនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ការពារ ប្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទី ស្រឡាញ់ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរព និងអភិវន្ទនាការដ៏ ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា៕

ដោយ៖សុខ ខេមរា


ចែករំលែក៖