ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងមិនប្រយ័ត្នទៅបុកកង់រថយន្តកុងតឺន័តបើកស្របគ្នាពីក្រោយរបួសឪពុកកូន២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឪពុកនិងកូន២នាក់បានរងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ួយ ជា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងអ្នករួមដំណើរជាឪពុកមានឈ្មោះប្រាជ្ញ ប្រាំង  អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១K-៦៩០៤។
ចំណែកអ្នកបើករថយន្តកុងតឺន័រ ឈ្មោះ ចេង ចន្ថា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១K-៦៩០៤ក្នុងទិសដៅពីលិចទៅកើត ហើយក៏បានបង្អង់ម៉ូតូឈប់អែបខាងស្តាំដើម្បីនិយាយទូរស័ព្ទ។
ប្រភពបន្តថា ក្រោយមកបន្ទាប់ពីនិយាយទូរសព្ទ័រួចក៏បានជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រ១គ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៦៧៦៧ដែលបើកក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកបុរសរងរបួសទាំង២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្ដាលមកពីអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និង បើកបរក្នុងស្ថានភាពស្រវឹង៕

ដោយ៖យឹម សុថាន


ចែករំលែក៖