ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែមករា២០២១ម្សិលមុិញនេះអាជ្ញាធរបានដឹកនាំក្រុមមន្ត្រីជំនាញចុះសិក្សាពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក្នុងការស្ថាបនាផ្លូវបេតុងក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រីជំនាញនិងអាជ្ញាធរក្រុង រដ្ឋបាលសាលាខេត្ត បានចុះទៅសិក្សាបាញ់ថ្នាំគំនូសជាសញ្ញាសម្គាល់ ដើម្បីពង្រីកផ្លូវភ្លោះគ្រោងនឹងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវចូលក្រុងស្ទឹងត្រែងឱ្យមានសោភណភាពទាក់ទាញ។
សព្វថ្ងៃនេះផ្លូវកាន់តែរួមតូចដោយសារប្រជាពលរដ្ឋបានសង់លំនៅឋានរំលោភលើចំណីផ្លូវសាធារណៈធ្វើឱ្យបាត់បង់សោភណភាពក្រុង ដោយមិនមានរបៀបរៀបរយទាល់តែសោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងការកកស្ទះការរំដោះទឹកដោយគ្មានប្រព័ន្ធលូរដ្ឋបាលខេត្តមានគម្រោងស្ថាបនាផ្លូវដាក់លូនិងមានសួនច្បារនៅចំកណ្ដាល និងដាក់បង្គោលភ្លើងបំភ្លឺអមសងខាងផ្លូវផងដែរ ក្រោយពេលស្ថាបនាផ្លូវរួច។
ជុំវិញរឿងនេះលោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា: ក្រុមមន្ត្រីជំនាញកំពុងចាប់ផ្ដើមចុះសិក្សាផលប៉ះពាល់ជាមុន ដើម្បីស្ថាបនាផ្លូវចាស់ឡើងវិញ ពីផ្លូវកៅស៊ូទៅជាផ្លូវបេតុងនិងមានប្រព័ន្ធលូរំដោះទឹក ដែលមានចម្ងាយប្រមាណ១៨០០ម៉ែត្រតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៩ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ អាជ្ញាធរគ្រោងនឹងពង្រីកផ្លូវភ្លោះសងខាងដោយមានទទឹង២០ម៉ែត្រ បូកទាំងសួនច្បារនៅចំកណ្ដាលផងដែរ។ រួចដាក់អំពូលភ្លើងបំភ្លឺផ្លូវនៅអមសងខាងផ្លូវទៀតផង។ អ្នកនាំពាក្យសាលាខេត្តបានបញ្ចាក់ប្រាប់ឲ្យដឹងទៀតថា ជាដំបូងចុះសិក្សាហើយពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋដែលមានផ្ទះតសំយាបលើចំណីផ្លូវឲ្យគាត់រុះរើចេញ។ បន្ទាប់មកមន្ទីរជំនាញរៀបចំកាយប្រឡាយរៀបចំប្រព័ន្ធលូដាក់សាជាថ្មី។
លោកម៉ែន គុង បានបញ្ជាក់ទៀតថាកញ្ចប់ថវិកានេះសម្រាប់ចុងឆ្នាំ២០២០ បន្ថែមដោយមានចម្ងាយត្រឹម២០០ម៉ែត្រ។ រួចចាប់ផ្ដើមដាក់ប្រព័ន្ធលូផ្លូវបន្តទៀតនៅក្នុងគម្រោងចំណាយដើមឆ្នាំ២០២១។
គួរបញ្ជាក់ថា: ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចាប់ពីកងចក្រក្រុងស្ទឹងត្រែង ក៏ដូចអ្នកប្រកបរបរលក់ដូរផ្សេងៗ ដែលតសំយាបប៉ះពាល់រំលោភលើចំណីផ្លូវបានលើកឡើងថា: ការអភិវឌ្ឍខេត្តតែងតែមានការប៉ះពាល់ទៅលើពួកគាត់ជាអ្នកលក់ដូរហើយ ហើយពួកគាត់ក៏មានការត្រេកអរដែរក្នុងការអភិវឌ្ឍ ពង្រីកផ្លូវងាយស្រួលបងប្អូនយើងធ្វើដំណើរ ធំទូលាយនិងមានភ្លើងបំភ្លឺផ្លូវបញ្ចៀសនូវបញ្ហាផ្សេងៗ។ពួកគាត់មិនជំទាស់ទៅលើការរុះរើនេះទេតែពួកគាត់សុំឲ្យមានការប្រជុំរកដំណោះស្រាយជាមុនសិន ចំពោះអ្នកខ្លះប៉ះពាល់ផ្ទះសំណង់រឹង ដោយពួកគាត់បានធ្វើក្រោយបង្គោលភ្លើង ស្របទៅតាមការណែនាំរបស់ក្រុមការងារEDC ហើយផ្ទះខ្លះមានច្បាប់សាងសង់ មានដីប្លង់រឹងត្រឹមត្រូវ ប៉ះពាល់ច្រើនផ្ទះនិងរបងថ្មនៅខាងលិចផ្លូវ ហើយការសម្រេចចិត្តរុះរើចេញដោយខ្លួនឯងពួកគាត់សប្បាយចិត្តណាស់ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់ សោភណភាពក្រុងស្ទឹងត្រែងរបស់យើង ឲ្យមានផ្លូវល្អរឹងមាំធំទូលាយ បញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ៕
ដោយ ៖មាស សុផាត