ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចាញ់ Bilbao បាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ Super Cup

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសប្រជែងពានរង្វាន់ Super Cup នៅរដូវកាលនេះ ក្រោមថ្វីជើងក្រុម Bilbao ក្នុងលទ្ធផល ២ទល់១ កាលពីរាត្រីថ្ងៃទី១៤ មករា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Bilbao មានឱកាសច្រើនក្នុងការស៊ុតចំគោលដៅ ហើយនៅនាទីទី១៨ ខ្សែប្រយុទ្ធ Raúl García របស់ក្រុម Bilbao មានឱកាសរកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Real Madrid។ ចូលដល់នាទីទី៣៨ ក្នុងតង់ទី១ដដែលកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ទៅឲ្យក្រុម Bilbao ដែលស៊ុតដោយកីឡាករ RaúlGarcía ដដែល។

ចប់តង់ទី១ ក្រុមភ្ញៀវ Bilbao នាំមុខក្រុមម្ចាស់ផ្ទះ Real Madrid ២ទល់០។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះក៏បានព្យាយាមសម្រុកឡើងវិញ ហើយនៅនាទីទី៧៣ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema មានឱកាសរកបាន១គ្រាប់សងវិញ រហូតដល់ចប់ការប្រកួតក្រុម Bilbao យកឈ្នះក្រុម Real Madrid ក្នុងលទ្ធផល ២ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុម Bilbao មានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ Super Cup ដោយត្រូវប៉ះក្រុមអ្នកមានបុណ្យ Barcelona ដែលបានយកឈ្នះក្រុម Real Sociedad កាលពីថ្ងៃពុធក្នុងបាល់កាត់សេចក្តីប៉េណាល់ទី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ Super Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា វេលាម៉ោង៣រំលងអធ្រាត្រម៉ោងនៅកម្ពុជា នៅទីលាន Estadio Olímpico de Sevilla ក្នុងទីក្រុង Sevilla ប្រទេសអេស្ប៉ាញ ៕ដោយ៖ភារៈ


ចែករំលែក៖