ប្រធានក្រុមប្រឹក្សាប្រដាល់ពិភពលោក លោក Mauricio Sulaiman បានបង្ហើបឱ្យដឹងថា មានលទ្ធភាពសម្រាប់ Conor McGregor អាចប្រជែងដណ្តើមជើងឯកប្រដាល់ពិភពលោកបាន។ដើម្បីឱ្យរឿងនេះកើតឡើងលោក Sulaiman បានពន្យល់ថា អ្នកប្រដាល់អៀរឡង់រូបនេះគួរតែរកជ័យជម្នះនៅលើសង្វៀនជាមួយអ្នកប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់ជាមុនសិន។
លោក Sulaiman បានប្រាប់ SunSport ថា “ខ្ញុំអាចនិយាយបានថា គាត់ចាំបាច់ត្រូវប្រឈម និងប្រកួតជាមួយអ្នកប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់ម្នាក់បន្ទាប់មកគាត់នឹងមានសិទ្ធិទទួលបានចំណាត់ថ្នាក់ ដើម្បីប្រជែងដណ្តើមជើងឯកពិភពលោកបាន” ។លោក Sulaiman បានបន្តថា “យើងមានឧទាហរណ៍ជាច្រើនដូចជាអ្នកប្រយុទ្ធ Muay Thai ដែលបានប្រែក្លាយជាអាជីពប្រដាល់អន្តរជាតិហើយពួកគេមានសិទ្ធិក្នុងការដណ្តើមជើងឯកពិភពលោក។ យើងក៏មានកំពូលតារាប្រកួតស្ម័គ្រចិត្តដូចជា Vasiliy Lomachenko ផងដែរ។
ពួកគេចូលប្រឡូកក្នុងអាជីពប្រដាល់ និងកីឡាប្រយុទ្ធក្នុងទ្រុងដណ្តើមជើងឯកហើយបានបង្ហាញថាពិតជាមានប្រសិទ្ធិភាព”។កីឡាករ Conor McGregor បានលើកឡើងក្នុងឱកាសច្រើនជាងមួយដែលបំណងប្រាថ្នារបស់គាត់ចង់វិលចូលពិភពប្រដាល់វិញបន្ទាប់ពីការប្រកួតរបស់គាត់ជាមួយកីឡាករ Floyd Mayweather ។ ដើម្បីទទួលបានឱកាសប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ពិភពលោក កីឡាករ ConorMcGregor ត្រូវផ្តួលអ្នកប្រដាល់ដែលមានចំណាត់ថ្នាក់លេខ១៥។កីឡាករ Conor McGregor នឹងធ្វើឱ្យសង្វៀនប្រដាល់ក្របខ័ណ្ឌ UFC របស់គាត់វិលត្រឡប់មកវិញ ដោយនឹងជួបប្រកួតជាមួយកីឡាករ Dustin Poirier នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៃ UFC 257 នៅថ្ងៃទី២៣ ខែមករាខាងមុខនេះ ៕
ដោយ៖ភារៈ