ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ​ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩ -២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនាយកដ្ឋានដែលពាក់ព័ន្ធជា​ច្រើនរូប។

លោក បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​ពេលវេលា​នៃ​កាលៈទេសៈនេះ​ដែល​ជា​ខួបមួយឆ្នាំហើយនៃកូវីដ-១៩ ដូចនេះ​ការរៀបចំសន្និបាតលើកនេះក្រសួង​អប់រំ​ យុវជន និងកីឡា ត្រូវ​អនុវត្តន៍​តាម​អនុសាសន៍ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្ដល់​នៅក្នុងការបើកបវេសនកាលក្នុងថ្ងៃទី១១ ខែមករាកន្លងមកនេះ។ កិច្ចប្រជុំ​បាន​ពិភាក្សា​លម្អិត​ទៅ​ការ​កំណត់ពេលវេលា ទី​កន្លែង និង​កំណត់អ្នកចូលរួមនិង​តភ្ជាប់​តាមប្រព័ន្ធអនឡាញជាដើម។

នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សា​លម្អិត​ទៅលើការរៀបចំឯកសារគន្លងជាថ្មី ក្នុងវិស័យអប់រំដែលមានសមាសភាពចំនួន៣គឺ ៖

១.ការអនុវត្តកម្មវិធីសិក្សា​បង្រួញ ដែល​បាន​ពិភាក្សា​អនុម័ត​រួចហើយ ដោយ​ត្រូវ​ពិនិត្យមើលការអនុវត្តជាក់ស្តែង។

២.ការអប់រំឌីជីថល ដែលបានកំពុងធ្វើ។

៣.សុវត្ថិភាពសិក្សា ដែលបានផ្សព្វផ្សាយជាផ្លូវការនូវឯកសារណែនាំ ស្តីពី ការដំណើការ​គ្រឹះស្ថានសិក្សា​ប្រកបដោយសុវត្ថិភាពក្នុងបរិបទ កូវីដ-១៩ ដោយឡែកឆ្នាំនេះមាន​លក្ខណៈ​ខុស​ប្លែក​ពីឆ្នាំកន្លងទៅដោយនៅតាម​រាជធានី-ខេត្ត រៀបចំសន្និបាតក្រោយថ្នាក់ជាតិ៕

ដោយ៖សិលា


ចែករំលែក៖