ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលកក្រើកពីអ្នកគាំទ្រក្រោយលេចចេញដំណឹងនៃការដកតំណែងកញ្ញាឯក Miss Grand Cambodia 2020 ពីកញ្ញា សេង រដ្ឋា

ចែករំលែក៖

ភ្នំពេញ៖ អាចជារឿងដំបូងនៅក្នុងវិស័យកញ្ញាឯកនៅកម្ពុជា ក្រោយពីដំណឹងដ៏រសើប លេចលឺដំណឹងក្រៅផ្លូវការថាកញ្ញា សេង រដ្ឋា ដែលគេស្គាល់ថាជាម្ចាស់មកុដ Miss Grand Cambodia 2020 ត្រូវបានប្រឈមនឹងការដកតំណែងនាងចេញរួមទាំងការមិន បញ្ជូននាងទៅចូលរួមការប្រកួត Miss Grand International  2020 ។ ផ្ទុះដំណឹងដ៏ចម្រូងចម្រាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រកួតកញ្ញាឯកអន្តរជាតិ Miss Grand International  2020 នឹងត្រូវរៀបំធ្វើឡើងនៅប្រទេសថៃក្នុងអំឡុងខែមីនាឆ្នាំ២០២១ខាងមុខនេះ ។

 ទោះជាយ៉ាងណាមានប្រភពពីសំណាក់អ្នកធ្លាប់បម្រើការងារក្នុងវិស័យកញ្ញាឯកបានទម្លាយដំណឹងដ៏រសើបមួយនេះថា ផ្តើមពីការជជីកសួរពីសំណាក់អ្នកគាំទ្រ។ ប្រភពថាអ្នកគាំទ្របានសួរសំណួរទៅកាន់កញ្ញា សេងរដ្ឋា អំពីការត្រៀមអ្វីខ្លះមុនពេលចេញទៅប្រកួត ខណៈដែលកញ្ញា សេង រដ្ឋា តបទៅវិញថានាងនៅមិនទាន់ទទួលបានការហ្វឹកហាត់ណាមួយពីអ្នកផលិតកម្មវិធីនៅឡើយចាប់តាំងពីនាងបញ្ចប់ការប្រកួតមក។ ចម្លើយនេះហើយដែលនាំឲ្យក្រុមហ៊ុនអាចមានការអន់ចិត្ត និងបង្កើតឲ្យមានភាពប្រទាំងប្រទើសជាពាក្យសម្តីនិងផ្លូវចិត្ត រហូតមានការចោទទៅកាន់កញ្ញាឯក សេង រដ្ឋា វិញថា នាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនទៅវិញ។ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងនៅឡើយទេថា ភាពប្រទាំងប្រទើសនេះនឹងត្រូវដោះស្រាយយ៉ាងដូចម្តេច ខណៈដែលកម្មវិធីប្រកួតកញ្ញាឯកនឹងត្រូវចាប់ផ្តើមធ្វើនៅអំឡុងខែមិនាខាងមុខនៅព្រះរាជាណាចក្រថៃ។ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកតាមដានកម្មវិធីកញ្ញាឯកភ្ញាក់ផ្អើលខ្លាំង និងលេចចេញការរិះគន់ជាហូរហែ ។ 

  ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីក្រុមការងារផលិតកម្មវិធី Miss Grand Cambodia បាននៅឡើយទេ ប៉ុន្តែ លោក អ៊ិន សុភិនដែលជាអគ្គនាយកផលិតកម្មមហាហង្សដែលជាក្រុមហ៊ុនទទួលសិទ្ធិផលិតកម្មវិធីប្រកួតនេះបានលើកឡើងដោយខ្លីនៅលើហ្វេសប៊ុកលោកថា លោកមិនធ្វើការបកស្រាយច្រើនឡើយដែលនឹងនាំឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត ទោះជាយ៉ាងណាលោកនឹងលាតត្រដាងជាសាធារណៈក្នុងកម្មវិធីសន្និសីទសារព័ត៌មានក្នុងពេលខាងមុខ។

ក្នុងនេះដែរក៏មានគណនីហ្វេសប៊ុកឈ្មោះ Team Cambodia ដែលគេស្គាល់ថាជាគណនីធ្លាប់បានចូលរួមផ្សព្វផ្សាយពីសកម្មភាពនានាក្នុងវិស័យកញ្ញាឯកនោះបានបញ្ជាក់ពីហេតុផលមួយចំនួនដែលកម្មវិធីមានសិទ្ធិក្នុងការដកតំណែងកញ្ញាឯកខាងលើរួមមានទាំងការមើលងាយថ្នាក់ដឹកនាំកម្មវីធី និងរឿងរ៉ាវកញ្ញាឯកមិនមានផ្តល់វេលាគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់ជាដើម។ 

 គួរបញ្ជាក់ដែរថាសេង រដ្ឋា បានក្លាយជា ម្ចាស់គ្រងមកុដ Miss Grand Cambodia 2020 ក្រោយពីនាងបានចូលរួមប្រកួតជ្រើសរើសបេក្ខនារី ដែលវគ្គផ្តាច់ព្រ័ត្រមានចំនួន២៨ រូបតំណាងឲ្យខេត្តរាជធានី និងសហគមខ្មែររស់នៅក្រៅប្រទេស៣ផ្សេងទៀតដែលការប្រកួតត្រូវបានធ្វើឡើងកាលពី រាត្រីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖