ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃស្ថិតនៅក្នុងការសង្ស័យ នាំមនុស្សឆ្លងដែនខុសច្បាប់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា នៅថ្ងៃទី១៦ខែមករា ស្នងការរងនៃកម្លាំងប៉ូលិសថៃ លោក Damsongsak Kittprapas បានបញ្ចាក់ថា មានប៉ូលិស ២០នាក់ជាប់ពាក់ព័ន្ធនិឹងការដឹកជញ្ជូនមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ ពីប្រទេសមីយ៉ាន់ម៉ា។
តាមការលើកឡើងរបស់ស្នងការរងប៉ូលិសថៃបានឲ្យដឹងទៀតថា ប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួន មនុស្ស៨នាក់ជាប់ពាក់ព័ន្ធការនាំមនុស្សពីប្រទេសមីយ៉ាន់ម៉ាចូលក្នុងខេត្ត Samut Sakhon ។ ខេត្ត នេះជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនបំផុត ហើយមូលហេតុគឺមកពីពលករចូលមកខុសច្បាប់ពីប្រទេសជិតខាង។
តាមការស្រាវជ្រា មានប៉ូលិស ២០នាក់ ក្នុងនោះមានទាំងមន្ត្រីប៉ូលិសជាន់ខ្ពស់ផងដែរ។ លើសពីនេះទៅទៀតក៏មានមន្ត្រីរដ្ឋាភិបាល៣៣រូបរងការសង្ស័យជាប់ពាក់ព័ន្ធបណ្តាញជួញដូរមនុស្សឆ្លងដែនខុសច្បាប់។
តាមសារព័ត៌មាន Bangkok Post បានផ្សាយថា នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២១នេះ ប្រទេសថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន២៣០ករណីបន្ថែមទៀត និងករណីស្លាប់ម្នាក់ផងដែរ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ លោក Taweesilp Visanuyothin បានលើកឡើងថា អ្នកស្លាប់គឺបុរសវ័យ៦៧ឆ្នាំដែលបានស្លាប់នោះបានទៅកន្លែងកម្សាន្តចំនួន២ដង គឺនៅថ្ងៃទី២១ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។
លោក Taweesilp Visanuyothin បន្តទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២៣០ករណីខាងលើ ក្នុងនោះរួមមាន៨៣ករណី ជាក្រុមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអ្នកជំងឺដែលបានឆ្លងពីមុន ឬជាក្រុមអ្នកដែលបានធ្វើដំណើរទៅកាន់ តំបន់ដែលមានហានិភ័យខ្ពស់ ខណៈ ១២៦ករណីទៀត បានធ្វើតេស្តវិជ្ជមានអំឡុងពេលកំពុងស្វែងរកករណីសកម្មនៅក្នុងសហគមន៍។ មកទល់ពេលនេះមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស មាន ១១,៦៨០ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ ៨,៩០៦នាក់៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖