ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត៖ ក្រោយសមត្ថកិច្ចបាញ់សម្លាប់ជនដៃដល់ អ៊ា ណារ៉េន រួចបន្តឃាត់ខ្លួន ២នាក់ប្តីប្រពន្ធ នៅស្រុកមេមត់ និងដកហូតកាំភ្លើងខ្លីមួយដើម

ចែករំលែក៖

   ភ្នំពេញ៖ បើតាមការអះអាងពីមន្រ្តីនគរបាលជាតិជាន់ខ្ពស់មួយរូប​ បានបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ គឺជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ឈ្មោះ​ អ៊ា ណារ៉េន​ យកជិះគេចខ្លួនបន្ត​ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។​ ចំពោះការចាប់ខ្លួននេះ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវរកឃេីញថាជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់​ ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមនិងគ្រាប់មួយចំនួនផងដែរ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ​ បន្តថា​ ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះភ្លាម​ កម្លាំងនគរបាលជំនាញក៏បានបញ្ជូនពួកគេមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនដៃដល់ ឈ្មោះ​ អ៊ា ណារ៉េន​ ត្រូវបានសមត្ថកិច្ចដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា ជនដៃដល់ឈ្មោះ​ អ៊ា ណារ៉េន​ ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​  កាលពីល្ងាចថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២១ ត្រង់ចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ស្លាប់ហើយ ខណៈដែលជនដៃដល់បាញ់តដៃមួយប្រាវ​ មិនព្រមប្រគល់ខ្លួនជាមួយសមត្ថកិច្ច​ ទេីបកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរខេត្តក្រចេះ និងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់បាញ់សម្លាប់ចោលតែម្តង។

សូមរម្លឹកថា​ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ជនដៃដល់ឈ្មោះ អ៊ា ណារ៉េន បានធ្វេីសកម្មភាពបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក្រោយមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ដែរថា​ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ។ បន្ទាប់ពីបុកគ្នាហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នាខណៈកំពុងសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ភ្លាមនោះជនដៃដល់​ បានទាញកាំភ្លើងពីចង្កេះយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រួចនាំគ្នាបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

មន្រ្តីនគរបាលជាន់ខ្ពស់ខាងលេីនេះ​ បន្តថា​ ក្រោយប្រតិបត្តិការស្រាវជ្រាវដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ​ ក៏ត្រូវបានលោក ឆាយ ហុងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ កែ ចាន់មាន ដែលជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ​ ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕ដោយ៖សហការី


ចែករំលែក៖