ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបត់បម្រុងយកទៅដាក់មុខផ្ទះដើម្បីរៀបចំអីវ៉ាន់ធ្វើដំណើរទៅខេត្ត ប៉ុន្តែដោយសារខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុករួចកិនចំពីលើក្បាលក្មេងស្រីម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០ នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ នៅក្នុងបុរីលឹម ឈៀងហោ តាមបណ្តោយផ្លូវលេខ២១៧ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពក្មេងស្រី ឈ្មោះ អូ អាត់នីតា អាយុ៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញក្មេងស្រីរងគ្រោះបានរត់លេងនៅមុខផ្ទះជិតកន្លែងកើតហេតុ ស្រាប់តែភ្លាមៗនោះ ក៏មានបុរសម្នាក់បានបើករថយន្តម៉ាក ម៉ាស់ស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0831 បានបើកទៅមុខប្រុងនឹងបត់យករថយន្តទៅដាក់នៅមុខផ្ទះដើម្បីរៀបចំអីវ៉ាន់ទៅការមិត្តភក្តិនៅខេត្តកំពត ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកនិងកិនក្មេងស្រីអាយុទើបតែ៣ឆ្នាំនោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយជាអកុសលបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តបង្កត្រូវឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកទីតាំងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឲ្យឪពុកម្តាយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖និនសុភ័ស្ត