ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ចេញលិខិត ដាក់វិន័យលោកស្នងការរងខេត្តកណ្តាល អុល ប៊ុណ្ណា ខណ: ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតដាក់វិន័យលោកស្នងការរងខេត្តកណ្តាល អុល ប៊ុណ្ណា ខណ: ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមលិខិតដែលអង្គភាព នគរវត្ត ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ 

នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោមសខេង គឺយោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសម្រេចអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាមីខ្លួនដែលមានឈ្មោះក្នុងនោះត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។  អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមរំលឹកផងដែរថា លោកស្នងការរង អុល ប៊ុណ្ណា ធ្លាប់ប្រព្រឹត្តនូវកំហុសឆ្គងធ្ងន់ធ្ងរ ដូចជាករណីយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពទៅបម្រើការជួលឲ្យឯកជន។ ធ្លាប់ប្រើប្រាស់ឈ្មោះអ្នកធំ រកស៊ីដី និងរត់ការផ្សេងៗបោកប្រាស់លុយរបស់គេផងដែរ។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖