អង្គការGlobal Fire Power (GFP) របស់អាមេរិក មានឯកទេសកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានកម្លាំងទាហាននិងអាវុធខ្លាំងបំផុតលើពិភពលោក។ នៅក្នុងចំណាត់ថ្នាក់លើកនេះ កូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី៦ ចំណែកកូរ៉េខាងជើងស្ថិតនៅលំដាប់ទី២៨ សម្រាប់ឆ្នាំ២០២១។
តាមរបាយការណ៍របស់ GFP កម្លាំងទាហានកូរ៉េខាងជើងស្ថិតនៅលំដាប់ទី២៨ សម្រាប់ឆ្នាំ២០២១ គឺថយចុះជាងឆ្នាំមុន ដែលមានលំដាប់ទី២៥ ក្នុងចំណោម១៣៨ប្រទេស។
តាមGFP ឆ្នាំ២០២១ ដោយផ្តោតទៅលើ ៥០ ចំណុចផ្សេងគ្នា ក្នុងនោះមានទាំងកម្លាំងទាហាន និងប្រាក់ចំណាយសម្រាប់កម្លាំងទាហាន ក៏ដូចជាសកម្មភាពហ្វឹកហាត់នានា។
កាលពីឆ្នាំ២០២០ កន្លងមក អាមេរិកនៅតែជាប្រទេសឈរលំដាប់ទីមួយដដែល ដោយមានទាហាន១,៤លាននាក់កំពុងបំពេញបេសកកម្មនិង ទាហានបម្រុងជាង៨៦០ពាន់នាក់ ។ អាមេរិកមានយន្តហោះចម្បាំង១៣.២៦៤គ្រឿងគ្រប់ប្រភេទ រថក្រោះចម្បាំង៦២៨៩គ្រឿង និងនាវាចម្បាំង៤៩០គ្រឿង ។
លំដាប់ទី២គឺរុស្ស៊ី មានកម្លាំងទាហានជាង ១.០១លាននាក់ ទាហានបម្រុង២លាននាក់ យន្តហោះចម្បាំង៤១៦៣គ្រឿង រថក្រោះចម្បាំង១២.៩៥០គ្រឿង នាវាចម្បាំង៦០៣គ្រឿង។
លំដាប់ទី៣គឺប្រទេសចិន មានទាហាន១៩,៦លាននាក់ ទាហានបម្រុង ២,១លាននាក់ យន្តហោះចម្បាំង២៣១០គ្រឿង រថក្រោះ៣៥០០គ្រឿង នាវាចម្បាំង៧៧៧គ្រឿង។
លំដាប់ទី៤គឺឥណ្ឌា មានទាហានជាង ១,៤ លាននាក់ ទាហានបម្រុង ២,១លាននាក់ យន្តហោះចម្បាំង២១២៣គ្រឿង រថក្រោះ៤២៩២គ្រឿង និងនាវាចម្បាំង២៨៥គ្រឿង។
ជាមួយគ្នានេះ ប្រទេសជប៉ុនស្ថិតនៅលំដាប់ទី ៥ កូរ៉េខាងត្បូងទី៦ បារាំងទី៧ អង់គ្លេសទី៨ អេហ្ស៊ីបទី៩ និងប្រេស៊ីលលំដាប់ទី១០៕
ដោយ៖ធី រីណា(រូបភាព៖AFP)