ព័ត៌មានទាន់ហេតុការណ៍៖

បណ្តារដ្ឋនៅអាមេរិកប្រកាសអាសន្ន ដើម្បីទប់ស្កាត់បាតុកម្មក្នុងថ្ងៃលោកបៃឌិន​ស្បថចូលកាន់តំណែង​

ចែករំលែក៖

នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ពេលវេលានៅអាមេរិក រដ្ឋជាច្រើន​នៅអាមេរិកបានដាក់កម្លាំងទាហានការពារ ​ហើយបានប្រកាសអាសន្ន​ នៅក្នុងរដ្ឋរបស់ខ្លួនដើម្បីទប់ស្កាត់ ការធ្វើបាតុកម្មក្លាយជាហិង្សា​នៅថ្ងៃប្រធានាធិបតីថ្មីចូលកាន់តំណែង ។
សកម្មភាពខាងលើ គឺដើម្បីទប់ស្កាត់អំពើហិង្សាកើតឡើង ដូចថ្ងៃទី ​៦ខែមករា នៅវិមានរដ្ឋសភា បង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ បណ្តាលឲ្យមានមនុស្ស៥នាក់ស្លាប់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ក្រុមបាតុករ​នឹងចាប់ផ្តើមធ្វើបាតុកម្មពីថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១ រហូតដល់ថ្ងៃលោកបៃឌិន ស្បថចូលកាន់តំណែង ។ ជាមួយគ្នានោះដែរតំបន់ជាច្រើនក្នុងទីក្រុងវ៉ាស៊ីនតោន​ត្រូវបានបិទ ហើយកម្លាំងទាហានជាង​២៥ពាន់នាក់ បានដាក់ពង្រាយការពារ​វិមានរដ្ឋសភា ជាទីកន្លែងដែលលោកបៃឌិនស្បថចូលកាន់តំណែង​។
តាមអគ្គនាយក​ FBI លោក Christoper Wray បានឲ្យដឹងថា ​បានកំណត់អត្តសញ្ញាណ​ជនដៃដល់​​២០០នាក់ដែលបង្កអំពើហិង្សានៅវិមានរដ្ឋសភា ​។ ក្រៅពីទីក្រុងវ៉ាស៊ីនតោន​ នៅរដ្ឋចំនួន​១០ ផ្សេងទៀត ​ក៏បានបញ្ជូនកម្លាំងទាហានទៅការពារទីតាំងសាធារណៈទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង​។
នៅព្រឹត្តិការណ៍មួយផ្សេងទៀត ​ប្រធានាធិបតីជិតបញ្ចប់តំណែងលោកត្រាំបានប្រកាសថា នៅថ្ងៃដែលលោកចាកចេញពីសេតវិមាន និងមានពិធីបាញ់កាំភ្លើងធំចំនួន​២១ណាត់ ជាការជូនដំណើរលោក។
សារព័ត៌មាន​ AP ​បានផ្សាយថា ពិធី​បញ្ចប់តំណែងនឹងត្រូវរៀបចំនៅទីតាំងយោធា Andrewsរដ្ឋ Maryland ​ដោយមានពិធីជប់លៀង ដូចជាការស្វាគមន៍ប្រមុខដឹកនាំមកពីក្រៅប្រទេស​​ ។ ចំណុចពិសេសនោះគឺមានបាញ់កាំភ្លើងធំ​២១ណាត់ផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖