ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់យកកាំភ្លើងនិងគ្រាប់ជាង ៥០០គ្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

បុរសម្នាក់រស់នៅ Virginia កាលពីថ្ងៃទី ១៦ខែមករា ត្រូវបានកម្លាំងប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោនចាប់ខ្លួន នៅចម្ងាយពីវិមាន កាពីតូលប្រមាណ ៨០០ម៉ែត្រប៉ុណ្ណោះ ហើយកម្លាំងប៉ូលិសរកឃើញ កាំភ្លើង មួយដើម និងគ្រាប់កាំភ្លើងជាង ៥០០គ្រាប់។
បុរសខាងលើមានឈ្មោះ Wesley A Beeler មកពីតំបន់ Front Royal រដ្ឋ Virginia ។ លោកបានបង្ហាញលិខិតស្របច្បាប់ ប៉ុន្តែលោកគ្មានសិទ្ធនៅក្នុងការ ចូលទៅកាន់តំបន់ហាមឃាត់នោះឡើយ។
រថយន្តដែលបុរសខាងលើជិះ ជាប្រភេទ Ford 150 ហើយក្រោយពេលប៉ូលិស ត្រួតពិនិត្យក៏បានរកឃើញកាំភ្លើងស្វ័យប្រវត្តិ Glock 9 និង គ្រាប់ កាំភ្លើង ៥០០គ្រាប់ ។ ជាមួយគ្នានោះក៏រកឃើញកាំភ្លើងខ្លី Glock 17 និងគ្រាប់២១គ្រាប់។
ការចាប់ខ្លួនកើតឡើងក្នុងពេលទីក្រុងវ៉ាស៊ីនតោន កំពុងតែរឹតបន្តឹង សន្តិសុខការពារទប់ស្កាត់អំពើហិង្សាកើតឡើងក្នុងថ្ងៃលោកបៃឌិន ចូលកាន់តំណែង ប្រធានាធិបតីទី៤៦របស់អាមេរិក ។
ទីក្រុងវ៉ាស៊ីនតោនបានដាក់កម្លាំងទាហាន ២៥ពាន់នាក់រួមជាមួយកម្លាំងប៉ូលិសការពារទីក្រុងវ៉ាស៊ីនតោនក្រោយពេលក្រុម FBI ទទួលបានព័ត៌មានពីគម្រោងធ្វើមហាបាតុកម្មនៅថ្ងៃទី២០ខែមករា ៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖