ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាជាតិកម្ពុជា ប្រជុំជាមួយអនុប្រធានរដ្ឋសភាចិន ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ១៤:០០នាទីរសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ 

ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិនទូទាំងប្រទេស នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើកនៃកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ  លោកលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ លោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលមានដូចជា៖

  ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់

  កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងរោគរាតត្បាត

  ការស្តារសេដ្ឋកិច្ចនាដំណាក់កាលក្រោយរោគរាលដាល

  ស្ថានភាពអន្តរជាតិ និងក្នុងតំបន់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖