ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សក្មេងចាស់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់យ៉ាងរន្ធត់ ដោយសារលង់ទឹកស្រះ និងទឹកបឹងទន្លេសាប ដែលករណីនេះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើការសន្និដ្ឋាន កើតឡើងអំពីការធ្វេសប្រហែសរបស់អាណាព្យាបាល ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកក្រគរបានឲ្យដឹងថា ករណីទី១- បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅតំបន់ចម្ការភ្នំ ត្រង់ចំណុចស្រះទឹកខាងមុខផ្ទះ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ជនរងគ្រោះ(ស្លាប់)ឈ្មោះ វ៉ាន សីហា ភេទប្រុស អាយុ ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ មូលហេតុៈ ម្ដាយរវល់ទៅហាលដំឡូងនៅចម្ការចម្ងាយប្រមាណ១គីឡីម៉ែត្រពីផ្ទះ អាចភ្លេចគិតថាកូននៅផ្ទះម្នាក់ឯង ។
ចំណែកសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា លើកទី២- បានកើតឡើងនៅវេលាម៉ោង៨ និង៤៤នាទីព្រឹក ថ្ងៃទី១៧ ខែឆ្នាំដដែល ត្រង់ចំណុចស្រះទឹក(កំប្លោក)ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ជនរងគ្រោះ(ស្លាប់)ឈ្មោះ ធួក បញ្ញា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ជនរងគ្រោះមានប្រពន្ធ និងមានជំងឺស្កន់ ហើយបានចុះបេះផ្កាកំប្លោកនៅកន្លែងកើតហេតុ ។
លើកទី៣- បើតាមប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកកណ្ដៀងឯនេះវិញក៏បានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៦ និង២០នាទី ព្រលប់ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចព្រែកមួយកន្លែងនៃបឹងទន្លេសាប ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជនរងគ្រោះ(ស្លាប់)ឈ្មោះ អោម វិ ឆៃ ភេទប្រុស អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ មូលហេតុៈ ឪពុកម្ដាយរវល់ទៅខេត្តសៀមរាប ផ្ញើរកូនជាមួយជីដូនជីតា ។
ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា ករណីបុរសម្នាក់និងកុមារាលង់ទឹកស្លាប់ចំនួន២នាក់ផ្សេងគ្នាខាងលើជាបន្តបន្ទាប់នេះ សមត្ថកិច្ចជំនាញសហការគ្នាចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន