ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ផ្សព្វផ្សាយសភាពការណ៍ថ្មី ដល់កម្លាំងត្រៀមអន្តរាគមន៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ អនុវត្តតាមផែនការ របស់មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ គ្រប់បណ្តាកងឯកភាពចំណុះ បានធ្វើការផ្សព្វផ្សាយ ណែនាំដល់ នាយ-ពលទាហាន អំពីសភាពការណ៍ថ្មីៗ និងវិធានការចាំបាច់មួយចំនួន សម្រាប់កម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយដែលឈរជើងនៅក្នុងទីតាំង រួមមាន៖ ត្រូវត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង បន្តអនុវត្តភារកិច្ចតាមកាលវិភាគ ប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ ដែលបានកំណត់ និងយកចិត្តទុកដាក់ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់ប្រចាំថ្ងៃរបស់កងទ័ព។ ជាពិសេស ត្រូវអនុវត្តវិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

គួរកត់សម្គាល់ថា កម្លាំងអន្តរាគមន៍មួយផ្នែក របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកកម្មប្រតិបត្តិការជួរមុខដោយសហការជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឲ្យប្រជាពលរដ្ឋ វិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់តាមច្រកព្រំដែនដែលបានកំណត់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ នៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួន ចាញ់បោកមេខ្យល់ លួចនាំឆ្លងកាត់ព្រំដែនចូល ដើម្បីគេចវេសពីការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ដែលកម្លាំងរបស់កងពល សហការជាមួយកម្លាំងចម្រុះ ឃាត់បានជាបន្តបន្ទាប់ផងដែរ៕

ដោយ៖សូ រិយា


ចែករំលែក៖