ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយរត់មិនរួច ពលរដ្ឋដេញចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារី២នាក់បានសម្រេចហើយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយដេញចាប់បានភ្លាមៗ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញពីផ្សារទួលពង្រទៅផ្លូវចោមចៅ​  ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើឈ្មោះ សៀក រ៉ូស្សា អាយុ២៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញ ស្នាក់នៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ផ្កាឈូកលាយស​ ពាក់ស្លាកលេខភ្នំពេញ 1AY-9390 បើកបរតាមបណ្តោយផ្លូវបេតុង(៣០ម៉ែត្រ)ក្នុងទិសដៅពីត្បូងទៅជើង​ ហេីយបានដាក់ទូរស័ព្ទម៉ាកSamsung Galaxy S10Plus មួយគ្រឿងចូលនៅក្នុងឃ្លុបម៉ូតូខាងមុខលុះមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IH-5842 ជិះមកពីក្រោយជនរងគ្រោះ រួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូជនរងគ្រោះបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះបានស្រែកឲ្យបងប្អូនប្រជាពលរដ្ឋជួយក៏បានដេញតាមពីក្រោយរហូតមកដល់ស្តុបទួលពង្រដោយសារស្តុបពណ៌ក្រហមស្ទះចរាចរណ៍ផងទេីបចាប់ជនសង្ស័យបានតែម្តង។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនិីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖