ខេត្តស្ទឹងត្រែង៖ បេីតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ មករា ២០២១ម្សិលមិញនេះ បានបញ្ជាក់ថា ទណ្ឌិតប្រមាណ៨៧នាក់ ស្ថិតក្រោមការឃុំខ្លួនពីបទចោទផ្សេងៗគ្នាក្រោយស្ថាប័នតុលាការសម្រេចដាក់ពន្ធនាគារ ត្រូវបានបញ្ជូនមកឃុំខ្លួនបន្តក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ខណៈដែលស្ថានភាពនៅខេត្តក្រចេះ ចំនួនអ្នកជាប់ទោសមានកំណើនកើនឡើងលើសចំណុះ។ជាមួយគ្នានេះស្នងការនគរបាលខេត្ត បន្ថែមទៀតថា ចំពោះការសម្រេចបញ្ជូនទណ្ឌិត ត្រូវបានកងកម្លាំងនគរបាល ការពារយ៉ាងតឹងរឹង ទាំងការការពារពេលដឹកជញ្ជូនមក និងការការពារពេលទទួលផ្ទេរបញ្ជូលក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការដឹកជញ្ជូនអ្នកទោសខាងលេីនេះ កម្លាំងនគរបាលខេត្តស្ទឹងត្រែង រួមមានកម្លាំងការិយាល័យចម្រុះបានបែកចែកជាក្រុមតាមគោលដៅដើម្បីការពាសន្តិសុខ ខណៈពេលដែលកម្លាំងនគរបាលខេត្តក្រចេះដឹកជញ្ជូនទណ្ឌិតចំនួន៨៧នាក់ ផ្ទេរមកឃុំបន្តនៅពន្ធនាឮគារខេត្តស្ទឹងត្រែង។ ជាក់ស្តែងជាលទ្ធផលពុំមានការរាំងស្ទះ និងខកខានចំណុចណានោះទេ។
ដោយឡែកលោកឈុន ដារ៉ា នាយកពន្ធនាគារខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមករានេះ បានអះអាងដែរថា កាលពីថ្ងៃទី១៧ មករាម្សិលមិញនេះ ពន្ធនាគារខេត្តស្ទឹងត្រែង ពិតជាបានទទួលទណ្ឌិតមកពីខេត្តក្រចេះចំនួន៨៧នាក់ ប្រាកដមែនបន្ទាប់ពីមានការស្នើសុំពីពន្ឋនាគារខេត្តក្រចេះទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ហើយថ្នាក់លើក៏បានសម្រេចតាមការស្នើសុំដោយផ្ទេរទណ្ឌិតទាំងនោះបញ្ជូនមកឃុំខ្លួនបន្តក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
ជុំវិញបញ្ហានេះ លោក នុត សាវនា នាយករងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានអះអាងប្រាប់អ្នកសារព័ត៌មានតាមទូស័ព្ទនៅថ្ងៃទី១៨ ខែមករានេះថា ការផ្ទេរទណ្ឌិតចំនួន៨៧នាក់ចេញពីពន្ធនាគារខេត្តក្រចេះមកកាន់ខេត្តស្ទឹងត្រែងដោយសារតែក្នុងពន្ធនាគារខេត្តក្រចេះមានចំនួនអ្នកជាប់ឃុំរហូតដល់ទៅ៧០៧នាក់ខណៈពន្ធនាគារខេត្តនេះ អាចដាក់អ្នកជាប់ឃុំបានក្រោម៤០០នាក់ប៉ុណ្ណោះ។ ដោយសារទីតាំងមានលក្ខណៈ
តូចចង្អៀត។
ជាមួយគ្នានេះ លោក នុត សាវនា អះអាងបន្តថា ពន្ធនាគារនៅខេត្តស្ទឹងត្រែង មានលក្ខណៈធំទូលាយបន្ទាប់មានការសង់អគារបន្ថែមជាបន្តបន្ទាប់ដែលអាចដាក់អ្នកជាប់ឃុំបានចំនួនច្រើន ។ បន្ថែមពីនេះ លោកនាយករងអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ អះអាងទៀតថា ម្យ៉ាងវិញទៀត ពន្ធនាគារខេត្តក្រចេះ និងស្ទឹងត្រែងស្ថិតនៅភូមិភាគឦសានតែមួយ ចឹងវាបង្កលក្ខណៈងាយស្រួលសម្រាប់សាច់ញាតិសួរសុខទុក្ខជនជាប់ឃុំ។ ចំណែកការនាំខ្លួនអ្នកជាប់ឃុំឡើងសាវនាការទៅសាលាដំបូងខេត្តក្នុងតំបន់ជិតគ្នា ក៏កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ លោក នុត សាវនា នាយករងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ