ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឃើញសត្វឆ្កែរបស់ខ្លួនលង់ទឹកចុះទៅជួយ ជាអកុសល បណ្តាលឲ្យស្លាប់ទាំងម្តាយនិងកូននៅកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា ប្រទះឃើញមនុស្ស២នាក់លង់ទឹកស្លាប់ នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី មួយកន្លែង វេលាម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់អោយដឹងថា សាកសពមានឈ្មោះ មិន សុភាព ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្ដាយ និង ឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំត្រូវជាកូន រស់នៅភូមិកើតហេតុខាងលើ ។

បើតាមប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង១៤៖៣០នាទី បានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅកន្លែងកើតហេតុ តាមការសង្ស័យមូលហេតុខាងលើបណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះ ហើយម្ដាយនិងកូនព្យាយាមជួយទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់ដូច្នេះ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរបានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យ ទៅតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖