ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយភរិយា បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយកម្មវិធី “វោហារឆ្នើម បាត់ដំបង” ដែលប្រព្រឹត្តទៅនាពេលឆាប់ៗនេះ ក្នុងទឹកដីខេត្តបាត់ដំបង ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា,កម្មវិធី វោហារឆ្នើម ជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម ។
លោកថ្លែងបន្តថា,កម្មវិធីវោហារឆ្នើម បង្កើតឡើងក្នុងគោលបំណង ជួយជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សមធ្យមសិក្សា ពីថ្នាក់ទី១០ ដល់ទី១២ ឲ្យមានភាពក្លាហាន ឆ្លាតវៃ ពង្រឹងសមត្ថភាពលើការប្រើប្រាស់ភាសាបរទេស (ភាសាអង់គ្លេស) ដែលជាភាសាអន្តរជាតិ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ ក្នុងស្រុក តំបន់ និងសកលលោក ។
កម្មវិធីវោហារឆ្នើម បានធ្វើលើកទី១ នៅខេត្តព្រៃវែង ក្នុងឆ្នាំ២០១៩ និងលើកទី២នេះនៅខេត្តបាត់ដំបង ឆ្នាំ២០២១ ៕
ដោយ៖សិលា