អន្តរជាតិ៖ លោក Lee Jae-yong អនុប្រធាន និងជាអ្នកស្នងតំណែងក្រុមហ៊ុន Samsung នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ត្រូវបានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ។បន្ទាប់ពីអ្នកស្នងតំណែងក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទក្នុងសំណុំរឿងផ្តល់សំណូក និងកិបកេងប្រាក់ ដែលទាក់ទងទៅនឹងរឿងអាស្រូវរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក ហ្គឺនហេ។ ចំណែក អតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ត្រូវតុលាការកំពូលកូរ៉េខាងត្បូងកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ។ជាក់ស្តែងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងស៊េអូលក្នុងសវនាការថ្ងៃទី១៨ ខែមករា បានបញ្ជាក់ថា៖«លោក Lee Jae-yong ផ្តល់សំណូកនិងសុំឱ្យអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ប្រើប្រាស់អំណាចក្នុងការជួយពន្លឿនការស្នងតំណែងក្នុងក្រុមហ៊ុន»។
តុលាការបន្តថា វាជារឿងគួរឱ្យសោកស្តាយដែលក្រុមហ៊ុន Samsung ជាក្រុមហ៊ុនកំពូលក្នុងប្រទេស និងជាអ្នកឈានមុខផ្នែកនវានុវត្តន៍ តែងតែជាប់ពាក់ព័ន្ធក្នុងបទល្មើសនៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនយោបាយ។សូមជម្រាបថា លោក Lee ត្រូវបានសាធារណជនកូរ៉េខាងត្បូងស្គាល់ថា ជាអ្នកដឹកនាំក្រុមហ៊ុន Samsung ជំនួសឪពុក Lee Kun-hee ដែលឈឺចាប់ពីឆ្នាំ២០១៤ និងស្លាប់នៅខែតុលាឆ្នាំ២០២០។ ចំពោះការកាត់ក្ដីឱ្យលោក Lee នឹងធ្វើឱ្យរាំងស្ទះដល់ការស្នងតំណែងគ្រប់គ្រងនៅក្រុមហ៊ុនSamsung ផងដែរ។ បន្ថែមពីនេះ លោក Lee ក៏មិនអាចចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗផងដែរ។ចំណុចស្នូលនៃបទល្មើសពុករលួយផ្តល់សំណូកនេះ គឺលោក Lee បានផ្តល់ប្រាក់ទៅលោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់លោកស្រីអតីតប្រធានាធិបតី ផាក ។ លោកស្រី ផាក ត្រូវបានទម្លាក់ពីតំណែង និងចោទប្រកាន់ពីទទួលប្រាក់ពីក្រុមហ៊ុនធំៗដូចជា Samsung និង Lotte។ក្នុងខែកុម្ភៈឆ្នាំ២០១៧ លោកLee ត្រូវបានតុលាការចោទពីបទការផ្តល់ប្រាក់ចំនួន២៧,៤ លានដុល្លារ ដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្ទេរការគ្រប់គ្រងពីឪពុកទៅកូន។ក្នុងឆ្នាំ២០១៧ លោក Lee ត្រូវបានតុលាការសេអ៊ូលកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែតុលាការឧទ្ធរណ៍កូរ៉េខាងត្បូងសម្រេចឱ្យជាប់ទោសត្រឹមតែ២ឆ្នាំកន្លះ និងអនុញ្ញាតឱ្យព្យួរទោស ក្រោយលោកអនុវត្តទោសបាន១ឆ្នាំ។នៅឆ្នាំ២០១៩ តុលាការកំពូលបញ្ជាឱ្យតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលកាត់ទោសជាថ្មី ក្រោយរកឃើញទំហំនៃប្រាក់សំណូកកើនឡើង។ក្រោយការសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលនេះ លោក Lee អាចប្តឹងទៅតុលាការកំពូលបាន ក្នុងរយៈពេល៧ថ្ងៃ ប៉ុន្តែការទទួលយក ឬច្រានចោលសំណុំរឿងទៅកាត់ក្តីបន្តពុំទាន់ច្បាស់នៅឡើយទេ ដ្បិតតុលាការកំពូលធ្លាប់កាត់ក្តីសំណុំរឿងនេះម្តងហើយ។គួរបញ្ជាក់ថា ការកាត់ទោសលោក Lee បង្ហាញពីទំនាក់ទំនងរវាងអ្នកនយោបាយ និងអ្នកជំនួញកូរ៉េខាងត្បូងដែលចាក់ស្រែះ។
សកម្មជនប្រឆាំងអំពើពុករលួយ គាំទ្រការកាត់ក្តីនេះ ដោយអះអាងថា តុលាការត្រូវតែដើរតួនាទីបន្ថែមទៀតក្នុងការបញ្ចប់អំពើពុករលួយរវាងអ្នកនយោបាយ និងអ្នកជំនួញ ដែលជារឿយៗឈានដល់ការរំលោភអំណាចដោយក្រុមហ៊ុន និងអភិបាលកិច្ចមិនបានត្រឹមត្រូវ។ដោយឡែកសម្រាប់អ្នកគាំទ្រក្រុមហ៊ុន Samsung ក៏បានលើកឡើងថា ការកាត់ក្តីនេះជារឿងអយុត្តិធម៌ ដោយអះអាងថា ក្រុមហ៊ុននេះបានជួយកូរ៉េខាងត្បូងឱ្យឆ្លងផុតការលំបាកអំឡុងពេលប្រទេសប្រឈមនឹងជំងឺកូវីដ-១៩ជាមួយការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចប្រទេស។មិនតែប៉ុណ្ណោះ Samsung ជាក្រុមហ៊ុនដែលមានលក្ខណៈគ្រប់គ្រងបែបគ្រួសារធំបំផុត និងជាក្រុមហ៊ុនធំបំផុតលំដាប់ទី១២ ជាមួយមានទំហំ២០ភាគរយនៃផលិតផលក្នុងស្រុកកូរ៉េខាងត្បូង៕ដោយ៖សហការី
លោក Lee Jae-yong អនុប្រធានក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ។ រូបថត AFP
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ